ទីផ្សារស្រូវកម្ពុជា ដែលមានពូជច្បាស់លាស់ ផ្ដល់ទិន្នផលខ្ពស់ និងមានទីផ្សារ ខណៈពូជស្រូវរបស់ខ្មែរ ២ ប្រភេទនោះទទួលបានចំណាត់ថ្នាក់អង្ករល្អ ថែមទាំងមានទីផ្សារខ្លាំងនៅក្រៅប្រទេស នោះគឺស្រូវផ្ការំដួល និងសែនក្រអូប។ រសជាតិទៀតនោះឆ្ងាញ់ ក្លិនក្រអូបឈ្ងុយតែម្ដង។
នាឱកាសចុះទៅពិនិត្យសកម្មភាពផលិតពូជស្រូវ និងចូលរួមច្រូតកាត់ប្រមូលផលស្រូវនៅស្ថានីយកសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកឡើងថា ពូជស្រូវខ្មែរ ២ ប្រភេទ កសិករគួរជ្រើសយកទៅដាំដុះ ព្រោះផ្ដល់ទិន្នផល១ ហិកតា ៤ តោន នោះ គឺស្រូវផ្ការំដួល និងសែនក្រអូប។
រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះទៅពិនិត្យកាលពីរសៀលថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ កសិដ្ឋានផលិតពូជស្រូវទួលសំរោង ដែលនោះ គឺជាទីតាំងផលិតគ្រាប់ពូជស្រូវធំជាងគេនៅក្នុងប្រទេសកម្ពុជា។
កសិដ្ឋាននេះផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់ចុះបញ្ជីប្រភេទផ្ការំដួលលើផ្ទៃដី ១៧៥ ហិកតា និងសែនក្រអូប០១ ចំនួន ៤៥ ហិកតា នារដូវវស្សាឆ្នាំ ២០២៤នេះ។
តាមការពិនិត្យជាក់ស្ដែង ស្រែផលិតគ្រាប់ពូជទាំងអស់មានលក្ខណៈសុទ្ធល្អ ហើយកសិដ្ឋាននឹងផ្គត់ផ្គង់សម្រាប់សហគមន៍កសិកម្មក្នុងការផលិតគ្រាប់ពូជវិញ្ញាបនបត្របន្ត។ តាមការប៉ាន់ស្មានទិន្នផលដែលទទួលបានប្រមាណ ៤ តោនក្នុងមួយហិកតា។
លោក អ៊ីង ស៊ីណា ប្រធានកសិដ្ឋានផលិតពូជស្រូវ ទួលសំរោង បានឲ្យដឹងថា កសិដ្ឋានផលិតពូជស្រូវទួលសំរោង បានទទួលគ្រាប់ពូជគ្រឹះ ពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា កាឌី(CARDI) ដើម្បីយកមកផលិត ជាពូជចុះបញ្ជី និងត្រៀមបញ្ចេញទៅឲ្យសហគមន៍ផលិតទៅជាពូជមានវិញ្ញាបនបត្រ ខណៈពូជស្រូវទាំង២ប្រភេទនេះ គឺមានលក្ខណៈសុទ្ធល្អ៕