ពីលើអគារ វីងថៅវើ អ្នកឧកញ៉ា គិត ម៉េង ជំរុញឲ្យក្រុមអ្នកមាននៅចិនវិនិយោគក្នុងវិស័យយានយន្ត

ក្នុងជំនួបនៅលើអគារ វីងថៅវើ ផ្ទាល់ខ្លួនស្ថិតតាមមហាវិថីព្រះមុនីវង្ស អ្នកឧកញ៉ា គិត ម៉េង ជំរុញលើកទឹកចិត្តវិនិយោគិនចិន ប្រើប្រាស់បច្ចេកវិទ្យា និងជំនាញក្នុងវិស័យយានយន្ត ដើម្បី បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានស្ថិរភាពនយោបាយ មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅអាស៊ាន។

ការជំរុញលើកទឹកចិត្តរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយលោកស្រី យាន ហ្វេយ (Yan Fei) ប្រធានសមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុង ប្រទេសចិន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងពេលលោកស្រី និងគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យយានយន្តដែលកំពុងរីកច្រើនយ៉ាងឆាប់រហ័ស។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបធុរកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញអំពីស្ថានភាពបច្ចុប្បន្ននៃវិស័យយានយន្តនៅកម្ពុជា ក៏ដូចជាវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា។ អ្នកឧកញ៉ាបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជានិងចិន និងការប្តេជ្ញារបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន។ 

ជាមួយគ្នានេះ អ្នកឧកញ៉ាមានប្រសាសន៍ថា ជំរុញលើកទឹកចិត្តវិនិយោគិនចិន ប្រើប្រាស់បច្ចេកវិទ្យា និងជំនាញក្នុងវិស័យយានយន្ត បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានស្ថិរភាពនយោបាយ មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅអាស៊ាន មានកម្លាំងពលកម្មវ័យក្មេង និងមានបរិយកាសធុរកិច្ចល្អប្រសើរ។

លោកស្រី យាន ហ្វេយ រួមនិងគណៈប្រតិភូធុរកិច្ចសមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុង បង្ហាញនូវចំណាប់អារម្មណ៍ចំពោះទីផ្សារយានយន្តនៅកម្ពុជា និងចង់សិក្សាស្វែងយល់បន្ថែមអំពីបរិមាណលក់ តម្រូវការយានយន្តថ្មីនិងយានយន្តប្រើប្រាស់រួច និងតម្រូវការគ្រឿងបន្លាស់យានយន្ត។ គណៈប្រតិភូធុរកិច្ចខេត្តក្វាងទុង ក៏សិក្សាស្វែងយល់ផងដែរអំពីច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធនឹងការនាំចូលយានយន្ត ក៏ដូចជា ស្ថានភាពនៃការផ្តល់កម្ចីទិញលក់យានយន្តនៅកម្ពុជា។

លោកស្រីបន្តថា ក្រុមហ៊ុនចិនខេត្តក្វាងទុង ចាប់អារម្មណ៍ទីផ្សារកម្ពុជា និងកំពុងសិក្សាលទ្ធភាពបង្កើតរោងចក្រផលិត ដំឡើង និងចែកចាយរថយន្តនៅកម្ពុជា។

សភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ស្ថាប័នទាំងពីរមានសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តក្វាងទុងនាពេលនេះ គឺជាការវិវត្តន៍ដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ទំនាក់ទំនងឧស្សាហកម្មយានយន្តរវាងកម្ពុជា និងចិន និងកិច្ចសហប្រតិបត្តិការនាពេលអនាគត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ទទក