ស្ថាប័នពិភពលោក Guinness World Records បាននាំយកវិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ជូនប្រជាជាតិកម្ពុជាជាផ្លូវការ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប។
ការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» នេះ គឺសម្រេចបានក្នុងព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ដែលមានការចតរថយន្ត SUPER CARS / HYPER CARS សរុបចំនួន ១៧៩គ្រឿង ដែលនេះគឺជាកំណត់ត្រាច្រើនលើសជាងគេចុងក្រោយលើពិភពលោក។


លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិនេះ ជាការចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្ហាញឱ្យពិភពលោកស្គាល់ច្បាស់ពីកម្ពុជាថាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាជាប្រទេសមួយដែលមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលបង្កបរិយាកាសអនុគ្រោះ ផ្តល់ភាពងាយស្រួលភាពកក់ក្តៅ និងស្នាមញញឹមជូនទេសចរគ្រប់រូប។
លោកបន្តថា ព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិនេះ ជាសក្ខីកម្មបញ្ជាក់និងបង្ហាញឱ្យពិភពលោកបានឃើញនិងស្គាល់ថាកម្ពុជាជា «ប្រទេសតូច តែមានបេះដូងធំ» ដោយមានសមត្ថភាពរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងនេះ និងព្រឹត្តិការណ៍ធំៗផ្សេងទៀតជាលក្ខណៈអន្តរជាតិ។
សូមជម្រាបថា ក្រសួងទេសចរណ៍បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ព្រឹត្តិការណ៍ខាងលើនេះ មានរថយន្តចូលរួមសរុប ៣៤៩គ្រឿង ក្នុងនោះរថយន្តប្រតិភូ Gumball 3000 កម្ពុជា មានចំនួន២៤៦គ្រឿង អមដោយប្រតិភូ Gumball 3000 ប្រមាណ ៥៦៣នាក់ (ប្រតិភូ Gumball 3000 កម្ពុជា ប្រមាណ៣៥០នាក់)៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ Rev Up Cambodia