វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើនឡើង ៤ដង គឺជាបទពិសោធន៍ដ៏ជោគជ័យដែលឈរលើគោលការណ៍សំខាន់ចំនួន ៤ របស់សម្តេច ហ៊ុន ម៉ាណែត ក្នុងការសម្រេចដោះស្រាយក្នុងរយៈពេលដ៏ខ្លីនៃការចាប់ផ្តើមតួនាទីជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដោយផ្អែកលើគោលនយោបាយឈ្នះ ឈ្នះ ហើយខ្មែរឈ្នះទាំងអស់គ្នា។
មេរៀនដ៏ជោគជ័យដែលសម្តេច ហ៊ុន ម៉ាណែត សម្រេចបានត្រឹមរយៈខ្លី បន្ទាប់ពីទទួលភារកិច្ចក្នុងតំណែងជានាយករដ្ឋមន្ត្រី គឺបានដោះស្រាយក្នុងការសង្គ្រោះវិស័យថ្មអារ ដែលប្រឈមនឹងការរលំ ឱ្យងើបឡើងវិញ ហើយកើនបាន ៤ដង។
កត្តាគន្លឹះសំខាន់នៃភាពជោគជ័យដែលសម្តេចបានយកមកដោះស្រាយ ឈរលើគោលការណ៍សំខាន់ចំនួន ៤៖ ១/ ហ៊ានវះកាត់, ២/ មានយន្តការច្បាស់លាស់ក្នុងការរត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្ត, ៣/ មន្ត្រីអនុវត្តទាំងអស់ត្រូវអនុវត្តដោយស្មោះត្រង់ ដោយមិនបង្កើតបន្ទុកបន្ថែម និងបានជួយដល់វិស័យឯកជនក្នុងពេលមានការលំបាក និង៤/ វិស័យឯកជនត្រូវមានការចូលរួមដោយស្មោះ និងស្រុះគ្នា។
បន្ថែមពីការចែករំលែកបទពិសោធន៍ជោគជ័យខាងលើ ចំពោះវិស័យរ៉ែ ក្នុងពេលចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកានេះ សម្តេច ហ៊ុន ម៉ាណែត បានផ្តល់គោលការណ៍លើកទឹកចិត្ត និងណែនាំដល់ក្រសួងរ៉ែ និងថាមពល ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យរ៉ែឱ្យកាន់តែមានការរីកចម្រើន ដែលរួមមានជាអាទិ៍៖
១/ ត្រូវបន្តរៀបចំសិក្សា ដោយសហការ ជាមួយដៃគូពាក់ព័ន្ធ ឬវិស័យឯកជន ដើម្បីចងក្រងផែនទីសក្ដានុពលធនធានរ៉ែ និងជំរុញការសិក្សាស្រាវជ្រាវបន្ថែមទៀតលើរ៉ែកម្រ ក្នុងគោលដៅទាក់ទាញការវិនិយោគបន្ថែម។
២/ ត្រូវពិនិត្យមើលទីតាំងដែលមានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់ដែលពុំមានសកម្មភាព ឬពុំមានសក្ដានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្វៀលចេញពីដែនអាជ្ញាបណ្ណធនធានរ៉ែ និងបន្តហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណធនធានរ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ។
ទី៣/ ត្រូវពង្រឹងការកៀរគរចំណូល និង ទប់ស្កាត់ការលេចធ្លាយចំណូល តាមរយៈការធ្វើអាជីវកម្មរ៉ែដោយគ្មានសុចរិតភាព និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងអនាធិបតេយ្យ ។
និង ៤/ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងសុវត្ថិភាព និង លើកកម្ពស់សុខុមាលភាពនិយោជិតកម្មករ, ពង្រឹងការត្រួតពិនិត្យ, ការទិញ ការដឹកជញ្ជូន ការស្ដុកទុក ការប្រើប្រាស់សារធាតុផ្ទុះ និង សារធាតុគីមីរបស់ការដ្ឋានអាជីវកម្មធនធានរ៉ែ ឱ្យបានម៉ឺងម៉ាត់។
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី