តម្លៃហាងឆេងមាសឡើងចុះៗ អ្នកជំនាញបង្ហើបឲ្យដឹងថាគួរទុកបន្ត ឬលក់ចេញវិញ

មួយ​រយៈនេះ​ហាងឆេង​មាស​មាន​ការផ្លាស់ប្ដូរ ដែល​កំពុងតែ​ឡើង​ស្រឺត​ៗ ស្រាប់តែ​ធ្លាក់​ថ្លៃ​ចុះ​វិញ ក្រោយ​ស្ថានភាព​សេដ្ឋកិច្ច​សកល​លោក​ បម្រែបម្រួល​មិន​ឈប់ ធ្វើឲ្យ​អ្នក​វិនិយោគ​ខ្នាត​តូច ឬហៅ​ថា​លក្ខណៈគ្រួសារ​ព្រួយ​បារម្ភជាខ្លាំង។

តាមដានជាមួយយើង៖ Million Times

ផ្អែក​តាម​អ្នក​ជំនួញ​ផ្នែក​ហាង​ឆេង​មាស​ពី​ហាង ហាក់ គន្ធា-Hakkunthea Jewelry បាន​ឲ្យ​ដឹង​ក្នុង​វីដេអូ​ឡាយ​ថា មាស​តែងតែ​មាន​តម្លៃ​ឡើង​ចុះ ព្រោះ​នោះ​គឺ​ជា​រឿង​ធម្មតា។ លោក​ស្រី ហាក់ គន្ធា បាន​បញ្ជាក់​ថា អ្នក​ទិញ​មាស​នៅ​ក្នុង​តម្លៃ​ជាង ៣០០ ដុល្លារ​ក្នុង​មួយ​ជី កុំ​ស្លន់ស្លោ ពេល​ឃើញ​មាស​ធ្លាក់​ថ្លៃ ព្រោះ​ការ​ទិញ​មាស​ទុក​រយៈពេល​វែង គឺជា​ទុន​បម្រុង ទុក​ជា​ទ្រព្យ​សាគួរ។

ដូចនេះ​ការ​ទិញ​មាស​រយៈ​ពេល ៤-១០ ថ្ងៃ ឬ​១​ខែ ហើយ​តម្លៃ​មាស​ចុះ​ថ្លៃ មិនមែន​ជា​បញ្ហា​ឡើយ គួរ​ទុក​បន្ត​ទៀត។ អំឡុង​សប្ដាហ៍​មុន តម្លៃ​មាស​បាន​ធ្លាក់​ចុះ​រហូត​ដល់ ៣០៨ ដុល្លារ/ជី ដែល​ធ្វើឲ្យ​អ្នក​ទិញ​មាស​ក្នុង​តម្លៃជាង ៣០០ ដុល្លារ/ជី ភ័យ ​បារម្ភ ខ្លាច​មាស​បន្ត​ធ្លាក់​ថ្ងៃ​រហូត។

សម្រាប់​ដំបូន្មាន​ពី​អ្នក​អាជីព​ផ្នែក​អាជីវកម្ម​មាស​រូប​នេះ​​ថា ប្រសិនបើ​មាស​ធ្លាក់​ថ្លៃ ដំណោះស្រាយ​កុំឲ្យ​អ្នក​ទិញ​ មាន​ភាព​ច្របូកច្របល់​ពេល​តម្លៃ​ហាងឆេង​មាស​ធ្លាក់​ថ្លៃ គួរ​ផ្អាក​ការ​តាមដាន​សិន។ ព្រោះ​បើ​តាម​បទ​ពិសោធន៍​រាប់​សិប​ឆ្នាំ​របស់​លោកស្រី បាន​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​តម្លៃ​មាស​ធ្លាក់​ចុះ ក៏​មិន​បន្ត​ធ្លាក់​ចុះ​ដល់​តម្លៃ​ដើម​ឡើយ ឧទាហរណ៍​ថា​មាស​តម្លៃ ៣៣៦ ដុល្លារ មិន​អាច​ធ្លាក់​មក​នៅ​ត្រឹម​តម្លៃ​ជាង ២០០ ដុល្លារ​វិញ​ទេ ឬ​ក៏​និយាយ​ឲ្យ​ស្រួល​ស្ដាប់​គឺ​មិន​ចុះ​មក​ដល់​ក្រោម ៣០០ ដុល្លារ។ មក​ទល់​ថ្ងៃនេះ ពិតជា​ដូច​ការ​លើកឡើង​របស់​អ្នកស្រី ដែល​ប្រាប់​ដល់​អតិថិជន និង​មហាជន​តាម​បណ្ដាញ​សង្គម​ដូច្នោះ​ដែរ បើ​ទោះ​ជា​មិនមែន​អ្នក​ព្យាករ​អាជីព ប៉ុន្តែលោក​ស្រី​អាច​មើល​ដឹង​ពី​អត្តចរិត​តម្លៃ​មាស។

ម្ចាស់​ហាង ហាក់ គន្ធា-Hakkunthea Jewelry បាន​បន្ត​ថា នៅ​ពេល​មាស​ធ្លាក់​ថ្លៃ វា​នឹង​បក​ឡើង​ថ្លៃ​វិញ​ជាក់ជា​មិន​ខាន។ លោកស្រី​បញ្ជាក់​ថា ត្រឹម​រយៈពេល ២ ថ្ងៃ​ប៉ុណ្ណោះ​ហាង​ឆេង​មាស​មួយ​តម្លឹង ឡើង​បាន ១០០ ដុល្លារ​វិញ​បាត់​ហើយ មាន​ន័យ​ថា ១ ជី​ឡើង​បាន ១០ ដុល្លារ​វិញ។

ក្នុង​នាម​ជា​អាជីវកម្ម​លោកស្រី​បាន​លើកឡើង​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ថា មិន​ចង់​ឲ្យ​អតិថិជន​យក​មាស​មក​លក់​ឲ្យ​ខ្លួន​វិញ ពេល​ធ្លាក់​ថ្លៃ ទាំង​ដែល​ជា​ផល​ចំណេញ​ដល់​ខ្លួនឯង​សោះ​នោះទេ ព្រោះ​លោកស្រី ចង់​ឲ្យ​អតិថិជន​បាន​ចំណេញ ហើយ​ហាង​របស់​ខ្លួន​ក៏​ចំណេញ​ដូច​គ្នា ដែល​នោះ​គឺជា​ការ​រួម​ចំណែក​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ទាំង​អស់​គ្នា។


កាលពី​ថ្ងៃ ១៤ ១៥ ខែ​វិច្ឆិកា២០២៤ តម្លៃ​មាស​លក់​ចេញ ៣០៨ ដុល្លារ/ជី និង ២៩៨ ដុល្លារ/ជី ក្នុង​តម្លៃ​ទិញ​ចូល តែ​មក​ដល់​ថ្ងៃនេះ ហាង​ឆេង​មាសលក់​ចេញ ៣២០ ដុល្លារ/ជី និង ៣១០ ដុល្លារ/ជី។ ចំណែក​តម្លៃមាស​ដែល​បាន​ខ្ពស់​បំផុត ៣៣៦ ដុល្លារ​/ជី លក់​ចេញ និង ៣២៦ ដុល្លារ/ជី ទិញចូល កាលពី​ថ្ងៃ ៣១ ខែ​តុលា៕

អត្ថបទ៖ មេរ៉ា, រូបភាព អ៊ីនធឺតណេត និង FB Hak Kunthea