កម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” បង្ហាញពីរបៀបប្រមូលផលស្រូវ និងដាល់អំបុកបែបបុរាណ ទាក់ទាញមហាជនខ្លាំង

នាយ ពាក់មី បាន​បង្កើត​កម្មវិធី “ស្នាម​ញញឹម​ភូមិខ្ញុំ” ដែល​បាន​រឭក​អនុស្សាវរីយ​ ច្រូតស្រូវ​ បោកស្រូវ​ បែនស្រូវ និង​បញ្ជាន់​ស្រូវ​ ព្រម​ទាំង​ដាល់​អំបុក​ជុំ​គ្នា តាម​បែប​ប្រពៃណី​ទំនៀម​ទម្លាប់​បុរាណ​ខ្មែរ។

តាមដានជាមួយយើង៖ Million Times

បណ្ដាញ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បាន​បង្ហោះ​កម្មវិធី “ស្នាម​ញញឹមភូមិខ្ញុំ” និង​ត្រូវ​បាន​មហាជន​គាំទ្រ​ខ្លាំង។ មនុស្សកុះករបាន​ចូលរួម​ក្នុង​កម្មវិធី​នោះតាំងពី​ចាប់ផ្ដើម រហូតដល់​ចប់ ដោយ​បាន​បង្ហាញ​ពី​សាមគ្គីភាព ក៏​ដូច​ជា​ធ្វើឲ្យ​អ្នក​ទាំងនោះ​មាន​អារម្មណ៍ ដូច​បាន​វិល​ទៅ​កាន់​សម័យ​ធ្វើ​ស្រែ បែប​បុរាណ​កាលពី​ជំនាន់​មិន​ទាន់​មាន​គ្រឿងចក្រ​សម្បូរ​បែប​ដូច​សព្វថ្ងៃ។

មិន​ត្រឹម​តែ​បង្ហាញ​ពី​របៀប​ប្រមូល​ផល​ស្រូវ និង​យក​ទៅ​ធ្វើ​អំបុក​ភ្លាម​ៗ​នោះ​ទេ ក្នុង​កម្មវិធី “ស្នាម​ញញឹម​ភូមិខ្ញុំ” រៀបចំ​ដោយ នាយ ពាក់មី ក៏​បាន​ដាក់​តាំង​បង្ហាញ​ពី​ឧបករណ៍​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​កសិកម្ម និង​នេសាទ បន្សល់​ទុក​តាំងពី​ដូនតា​ខ្មែរ​មក​ម្ល៉េះ។

ការ​ប្រមូល​ផល​បែប​បុរាណ​ដែល​មាន​ការ​ចូលរួម​ពី​ប្រជា​កសិករ​ច្រើន​ដូច​ក្នុង​រូបភាព តែ​បើ​ក្រឡេក​ទៅ​មើល​តាម​បែប​ជាក់ស្ដែង​កាលពី​ជាង ២០ ឆ្នាំ​មុន ពួកគាត់​ពិបាក​ខ្លាំង​ណាស់ ព្រោះ​ត្រូវ​ប្រើ​កម្លាំង​មនុស្ស និង​កម្លាំង​សត្វ​ទាំង​ស្រុង​មិន​ដូច​ការ​ធ្វើ​កសិកម្ម ​នៅ​សម័យ​នេះ​ទេ​មាន​គ្រឿង​ចក្រ​ជួយ​សម្រួល​ដល់​កម្លាំង​មនុស្ស​បាន​ច្រើន។

តែ​ទោះ​ជា​យ៉ាង​ណា អ្នក​បាន​ឃើញ​ហើយ​ពិតជា​ចង់​ឲ្យ​មាន​ការ​រៀបចំ​កម្មវិធី​​បែប​នេះ​រាល់​ឆ្នាំ ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ស្គាល់​ពី​របៀប​ធ្វើ​កសិកម្ម បែប​បុរាណ​តាំងពី​ជំនាន់​មុន​ៗ​មក​។

កសិកម្មខ្មែរ គឺជាសរសៃឈាម​សេដ្ឋកិច្ច​របស់​កម្ពុជា​តាំងពី​សម័យ​បុរាណ រហូត​មក​ទល់​ពេល​នេះ គ្រាន់តែ​ការ​វិវត្តន៍​តាម​របត់​នៃ​គ្រឿងចក្រ ដែល​អាច​ជួយ​សម្រួល​បាន​មួយ​ផ្នែក​ធំ​ដល់​កសិករ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ FB ចែម ចាន់រ៉ា