ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានប្រកាសជ្រើសរើសអ្នកនាំពាក្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកគឺនាង Karoline Leavitt ធ្វើជាអ្នកនាំពាក្យសេតវិមានសម្រាប់រដ្ឋបាលនាពេលខាងមុខ។ នេះបើតាមសារព័ត៌មាន Fox News។
លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសុក្រថា “Karoline Leavitt បានធ្វើការងារដ៏អស្ចារ្យជាអ្នកនាំពាក្យយុទ្ធនាការឃោសនាបោះឆ្នោតជាប្រវត្តិសាស្ត្ររបស់ខ្ញុំ ហើយខ្ញុំរីករាយក្នុងការប្រកាសថានាងនឹងបម្រើការជាអ្នកនាំពាក្យសេតវិមាន” ។
លោកនិយាយថា “Karoline គឺឆ្លាត ស្វិតស្វាញ និងបានបង្ហាញថាជាអ្នកប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ខ្ញុំមានទំនុកចិត្តបំផុតថានាងនឹងពូកែនៅលើវេទិកា ហើយជួយបញ្ជូនសាររបស់យើងទៅកាន់ប្រជាជនអាមេរិក ដូចដែលយើងធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត” ។
នាង Leavitt មានអាយុ ២៧ឆ្នាំនឹងក្លាយជាអ្នកនាំពាក្យសេតវិមានដែលក្មេងជាងគេក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ នាង Leavitt បានបម្រើការជាលេខាធិការសារព័ត៌មានជាតិនៃយុទ្ធនាការនេះ ដោយបានប្រមូលផ្តុំការគាំទ្រលោក Trump ខណៈពេលដែលនាងធ្វើការជាអ្នកការពារសម្តីដ៏កាចសាហាវរបស់លោក Trump ចំពេលមានការវាយប្រហារផ្នែកនយោបាយពីយុទ្ធនាការ Harris និងគណបក្សប្រជាធិបតេយ្យ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Fox News