លោក Trump តែងតាំង Elon Musk និងលោក Ramaswamy ដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល

លោក Trump តែងតាំង Elon Musk និងលោក Ramaswamy ដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានប្រកាសថា Elon Musk និងលោក Vivek Ramaswamy នឹងរួមដៃគ្នាដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល សម្រាប់អាណត្តិទី២ របស់លោកនៅសេតវិមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

តាមដានជាមួយយើង៖ Million Times

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោកត្រាំបាននិយាយថា៖ ជនជាតិអាមេរិកដ៏អស្ចារ្យទាំងពីរនេះ នឹងត្រួសត្រាយផ្លូវសម្រាប់រដ្ឋបាលរបស់ខ្ញុំ ក្នុងការរុះរើការិយាល័យរដ្ឋាភិបាល កាត់បន្ថយបទប្បញ្ញត្តិលើស កាត់បន្ថយការចំណាយខ្ជះខ្ជាយ និងរៀបចំរចនាសម្ព័ន្ធទីភ្នាក់ងារសហព័ន្ធឡើងវិញ។

គួររំលឹកបន្តិចថា កាលពីដើមខែកញ្ញា អំឡុងពេលឃោសនារកសន្លឹកឆ្នោត លោក Trump បានអះអាងថា នឹងបង្កើតនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ជាផ្នែកមួយនៃផែនការជំរុញសេដ្ឋកិច្ចរបស់ខ្លួន បើសិនជាលោកជាប់ឆ្នោតជាប្រធានាធិបតី។

អនាគតប្រធានាធិបតីអាមេរិករូបនេះ សង្កត់ធ្ងន់ថា នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល គឺបង្កើតឡើងក្នុងគោលបំណង កាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងអាចផ្ដល់ផលចំណេញរាប់ទ្រីលានដុល្លារថែមទៀត។

លោក Donald Trump ក៏បានបញ្ជាក់ថែមទៀតថា នាយកដ្ឋានមួយនេះ នឹងលេចចេញជារូបរាងយ៉ាងយូរបំផុត គឺនៅត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ៕