ទេសាភិបាលនៃធនាគារជាតិ លោកស្រី ជា សិរី បានជំរុញឲ្យអ្នកលក់ដូរតាមដងផ្លូវប្រើ KHQRប្រាក់រៀល ដើម្បីងាយស្រួលភ្ញៀវទេសចរទូទាត់ នៅពេលដែលពួកគេមកទស្សនាតាមរមណីយដ្ឋាននានានៅកម្ពុជា។
ក្នុងពិធីដាក់ឲ្យយដំណើរការកម្មវិធីទូទាត់បាគង ទេសចរ ជាមួយក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ Mastercard នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះលោកស្រី ជា សិរី បានគូសបញ្ជាក់ថា ដើម្បីសម្រួលក្នុងការចាយវាយដល់ភ្ញៀវទេសចរបរទេស ពេលមកលេងនៅកម្ពុជា អាចស្កេនតាមកន្លែងលក់ដូរនានា តាមផ្លូវបានងាយស្រួល លុះត្រាតែអ្នកលក់ត្រូវដាក់ KHQRជាលុយរៀល បើគាត់មិនដាក់ជាលុយរៀលទេភ្ញៀវទាំងនោះមិនអាចស្កេនបានទេ។
លោកស្រីថ្លែងថា៖ «ភ្ញៀវទេសចរបរទេសដែលមកលេងស្រុកខ្មែរដែលប្រើកាតត្រូវភ្ជាប់អេបទួរីសបាគងរបស់ធនាគារជាតិអាចស្កេនបញ្ចូលកាតទៅក្នុងអេបហើយអាចស្កេនKHQRបានតាមទីតាំងលក់ដូរនៅទូទាំងប្រទេស»។
បន្ថែមពីនោះ លោកស្រីក៏បានលើកទឹកចិត្ត និងជំរុញដល់អ្នកធ្វើអាជីវកម្មផ្នែកវិស័យទេសចរណ៍ និងតំណាងក្រសួងទេសចរណ៍ សូមជួយផ្សព្វផ្សាយលើការងារនេះឲ្យកាន់តែទូលំទូលាយដោយឲ្យអ្នកលក់ដាក់ KHQRលុយរៀល ហើយបើដាក់ជាដុល្លារគឺស្កេនមិនចេញនោះទេ។ បើតាមលោកស្រី
បច្ចុប្បន្នមាន KHQR រហូតដល់ទៅជិត ៤លានកន្លែងទូទាំងប្រទេស និងកន្លែងអាចប្រើកាតបានមានតែ ៥៥ ០០០ កន្លែងនៅទូទាំងប្រទេស។
ជាមួយគ្នានេះ លោកស្រីក៏បានលើកឡើងពីភ្ញៀវទេសចរកម្ពុជាមួយចំនួនទៅប្រទេសវៀតណាម ថៃ និងឡាវ មិនអាចស្កេនបានតាមKHQR ដោយលោកស្រីបានពន្យល់ថាការចាយវាយនៅក្រៅប្រទេសដូចជាទៅប្រទសថៃ វៀតណាម និងឡាវអាចស្កេនបានសម្រាប់តែធនាគារមួយចំនួនប៉ុណ្ណោះខណៈមានធនាគារដ៏ទៃទៀតកំពុងធ្វើសន្ធានកម្មជាបណ្តើរៗដើម្បីអាចឱ្យអតិថិជនរបស់ខ្លួនអាចចាយវាយឬស្កេននៅប្រទេសទាំងនោះបាន ប៉ុ ន្តែលុះត្រា តែអតិថិជនមានគណនីជាប្រាក់រៀលបើគាត់អត់មានទេគាត់អត់ចាយបានទេ។ តែអ្វីដែលច្បាស់អាចយកទៅទូទាត់នៅតាមប្រទេសទាំងនោះបានគឺប្រើប្រព័ន្ធអេបបាគងនៃធនាគារជាតិនៃកម្ពុជា៕
អត្ថបទ៖ មេរ៉ា រូបភាព៖ ធនាគារជាតិនៃកម្ពុជា