រដ្ឋាភិបាលវៀតណាមបានប្រកាសនាថ្ងៃទី១១ ខែវិច្ឆិកាថា ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញចិន Shein និង Temu ត្រូវតែចុះបញ្ជីពាណិជ្ជកម្មជាមួយរដ្ឋាភិបាល ត្រឹមដំណាច់ខែវិច្ឆិកានេះ បើមិនដូច្នោះរដ្ឋាភិបាល នឹងបិទដែនអ៊ីនធឺណិតក្រុមហ៊ុនទាំង២ មិនឲ្យធ្វើប្រតិបត្តិការក្នុងប្រទេសទៀតឡើយ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ទីផ្សារអនឡាញកំពុងមានសន្ទុះខ្លាំងនៅវៀតណាម ជាពិសេសគឺការទិញទំនិញអនឡាញ ពីប្រទេសចិន និងដឹកជញ្ជូនក្នុងស្រុក ខណៈអ្នកលក់រាយនៅវៀតណាមជាច្រើន កំពុងរអ៊ូរទាំពីបញ្ហាមួយនេះ ដ្បិតពួកគេលក់ខាតឡុងចុង បន្ទាប់ពីពលរដ្ឋវៀតណាម មិនសូវចាយវាយលើទំនិញក្នុងស្រុក។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Nguyen Hoang Long បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា បច្ចុប្បន្នក្រុមហ៊ុនចិនទាំង២ នេះ កំពុងជជែក និងធ្វើការជាមួយរដ្ឋាភិបាល ដើម្បីស្នើសុំអាជ្ញាបណ្ណ បន្តអាជីវកម្មរបស់ខ្លួនទៅមុខទៀត។
សូមជម្រាបដែរថា ទីផ្សារពាណិជ្ជកម្មអនឡាញនៅប្រទេសវៀតណាម មានកំណើន ១៨% នៅឆ្នាំនេះ និងមានតម្លៃប្រហែល ២២ពាន់លានដុល្លារ ខណៈវេទិកាទិញទំនិញពេញនិយមបំផុត សម្រាប់ប្រជាជនវៀតណាមគឺ កម្មវិធី Shein, Temu និង Shoppe របស់ប្រទេសសិង្ហបុរី៕
អត្ថបទ៖ Luffy រូបភាព៖ Tech in Asia