ចិន ប្តេជ្ញាជួយកម្ពុជាលើកកម្ពស់កម្រិតបច្ចេកវិទ្យាឌីជីថល និងសម្រេចបានបរិវត្តកម្មឌីជីថល

ចិន ប្តេជ្ញាជួយកម្ពុជាលើកកម្ពស់កម្រិតបច្ចេកវិទ្យាឌីជីថល និងសម្រេចបានបរិវត្តកម្មឌីជីថល

ទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ការរួមចំណែករបស់ចិនក្នុងវិស័យបច្ចេកវិទ្យាឌីជីថល តាមរយៈកសាងប្រព័ន្ធបណ្តាញទូរស័ព្ទចល័តនៅកម្ពុជា និងលើកកម្ពស់ការគ្របដណ្តប់ប្រព័ន្ធទូទាំងប្រទេស នឹងជួយឱ្យសម្រេចបានគោលដៅនូវអត្រាគ្របដណ្តប់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿននៅតំបន់ទីក្រុងឱ្យបាន ១០០% និងតំបន់ជនបទឱ្យបាន ៧០% នាឆ្នាំ២០២៥។

លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ចិនកម្ពុជា ឆ្នាំ២០២៤ និងពិធីសម្ពោធសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិនកម្ពុជា កាលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា ក្រុមហ៊ុនចិនដែលវិនិយោគនៅកម្ពុជា កំពុងតែបញ្ចេញអស់សមត្ថភាពរបស់ខ្លួន ដែលមានឧត្តមភាពខាងបច្ចេកវិទ្យា ជំរុញដាក់ឱ្យអនុវត្ត និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាក្លោដ (Cloud Technology) និងការទូទាត់ប្រាក់ចល័ត។ល។ ដែលជាបច្ចេកវិទ្យាបែបថ្មីនៅគ្រប់មុខរបរ និងវិស័យនៅកម្ពុជា ជួយប្រទេសកម្ពុជាក្នុងការលើកកម្ពស់កម្រិតបច្ចេកវិទ្យាឌីជីថល និងសម្រេចបានបរិវត្តកម្មឌីជីថល (Digital Transformation) ជាបន្តបន្ទាប់។

លោកបន្តថា ការបង្កើតសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា គឺចំពេលវេលាដែលត្រឹមត្រូវ បង្ហាញយ៉ាងកាន់តែច្បាស់អំពីការផ្តល់សារៈសំខាន់កាន់តែខ្លាំងទៅលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលរវាងប្រទេសចិននិងកម្ពុជា ទាំងពីរ គឺជំហ៊ានដល់សំខាន់ការលើកកម្ពស់គុណភាព និងបង្កើនឋានៈ (Upgrade) កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា នឹងបង្កើតបានជាទស្សនៈវិស័យកាន់តែធំទូលំទូលាយ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងចិន-កម្ពុជាប្រកបដោយចីរភាព ហើយក៏នឹងចាក់បញ្ចូលថាមពលកាន់តែខ្លាំងក្លាដល់កម្ពុជា ក្នុងការសម្រេចបាននូវបរិវត្ត កម្មឌីជីថល និងការអភិវឌ្ឍខ្លាំងក្លា។

ជាមួយគ្នានេះ លោកទូតចិនបានជំរុញដល់សមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា បញ្ចេញឱ្យអស់តួនាទីជាស្ពានភ្ជាប់ទំនាក់ទន់ និងការដឹកនាំសកម្មក្នុងការជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលរវាងប្រទេសចិននិងកម្ពុជា ដឹកនាំសហគ្រាសដែលជាសមាជិកឱ្យជីកកកាយឱ្យអស់កាលានុវត្តភាពសេដ្ឋកិច្ចឌីជីថលកម្ពុជា អភិវឌ្ឍទីផ្សារថ្មីនៃមុខរបរឌីជីថល សម្រេចបានការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះរវាងចិន-កម្ពុជា៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ទូតចិន