ប្រទេសថៃកំពុងកំណត់គោលដៅទាក់ទាញទេសចរណ៍អឺរ៉ុបឲ្យបានចំនួន ៨លាននាក់នៅឆ្នាំក្រោយ ដែលរួមចំណែកដល់កម្រិតខ្ពស់ថ្មីនៃភ្ញៀវទេសចរបរទេសចំនួន ១១លាននាក់ ខណៈដែលក្រសួងទេសចរណ៍ និងកីឡា សន្យាថានឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងជាមួយក្រុមហ៊ុនអាកាសចរណ៍ និងឯកអគ្គរដ្ឋទូតសម្រាប់ការហោះហើរអន្តរជាតិឡើងវិញឲ្យបានពេញលេញ។
កាសែត Bangkok Post បានដកស្រង់សម្តី លោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ឲ្យដឹងថា អនាគតនៃវិស័យទេសចរណ៍ថៃមានភាពភ្លឺស្វាង ស្វាហាប់ និងពោរពេញដោយឱកាស។ ការលើកឡើងរបស់លោកក្នុងវេទិកាទីផ្សារទេសចរណ៍ពិភពលោក (WTM) 2024 ដែលជាពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍ដ៏ធំបំផុតមួយដែលបានធ្វើឡើងនៅទីក្រុងឡុងដ៍រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ៧ ខែវិច្ឆិកា។
បន្ទាប់ពីព្រឹត្តិការណ៍នេះ លោកនឹងហៅឯកអគ្គរដ្ឋទូតបរទេសប្រចាំប្រទេសថៃ ដោយផ្តោតលើទីផ្សារធំៗដូចជា ចក្រភពអង់គ្លេស អាល្លឺម៉ង់ អឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា រួមជាមួយនឹងតំណាងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីពិភាក្សាអំពីជើងហោះហើរ និងការត្រៀមរៀបចំសម្រាប់ឆ្នាំ២០២៥ ជាពិសេសក្នុងអំឡុងរដូវកាលខ្ពស់។
លោកបាននិយាយថា ក្រសួងរបស់លោកនឹងសហការជាមួយក្រសួងផ្សេងទៀត ដូចជាក្រសួងដឹកជញ្ជូន និងក្រសួងហិរញ្ញវត្ថុសម្រាប់កម្មវិធីឧបត្ថម្ភធន ដូចជា តម្លៃប្រេងឥន្ធនៈ និងការកាត់បន្ថយពន្ធសម្រាប់ក្រុមហ៊ុនអាកាសចរណ៍។
យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា នៅឆ្នាំនេះ ប្រទេសថៃរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៩.៦ លាននាក់ រួមទាំង ៦.៣ លាននាក់មកពីអឺរ៉ុប។ ជាមួយនឹងអ្នកទេសចរបរទេសចំនួន ១១លាននាក់នៅឆ្នាំក្រោយ ថៃរំពឹងនឹងកើបប្រាក់ចំណូលលើសពី ៨៩៦ពាន់លានបាត ដែលស្មើ ៤០% នៃភ្ញៀវទេសចរបរទេសសរុប ២.២ពាន់ពាន់លានបាត៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Bangkok Post