នាយករដ្ឋមន្រ្តីកម្ពុជា និងអភិបាលខេត្តយូណាន នៃប្រទេសចិន បានពិភាក្សាផ្លាស់ប្តូរយោបល់អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ស្របពេលភាគីទាំងពីរកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសកម្ពុជា មានការរីកចម្រើន។ ការគូសបញ្ជាក់យ៉ាងដូច្នេះរវាងថ្នាក់ដឹកនាំកម្ពុជា និងអភិបាលខេត្តយូណាន ធ្វើឡើងក្រៅកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ និងកិច្ចប្រជុំនានានៅទីក្រុងគុនមិញ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក Wang Yubo អភិបាលខេត្តយូណាន បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសកម្ពុជា មានការរីកចម្រើន ជាពិសេស តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច វិស័យពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់ខេត្តយូណាន ដែលជាក្បាលម៉ាស៊ីនមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន។ សម្តេចក៏បានវាយតម្លៃខ្ពស់អំពីភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ស្របពេលប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
ជាមួយគ្នានេះ សម្តេចបានគូសបញ្ជាក់អំពីសក្តានុពលក្នុងវិស័យជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងប្រទេសកម្ពុជា និងខេត្តយូណាន។ សម្តេចនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យក្រសួងការបរទេសកម្ពុជា និងមន្ទីរការបរទេសនៃខេត្តយូណាន ជួបប្រជុំបានឆាប់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ មួយចំនួន រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ឧស្សហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំនិងការបណ្ដុះបណ្ដាល ព្រមទាំងទេសចរណ៍ ជាដើម។ លើសពីនេះអភិបាលខេត្តបានសន្យាពិនិត្យលទ្ធភាពផ្ដល់អាហារូបករណ៍កាន់តែច្រើនទៀត ដល់និស្សិតកម្ពុជា ដើម្បីមកបន្តការសិក្សានៅខេត្តយូណាន និងបន្តខិតខំលើកទឹកចិត្តឱ្យប្រជាជនចិន ទៅធ្វើទេសចរណ៍ នៅប្រទេសកម្ពុជា ដែលមានគោលដៅទេសចរណ៍សម្បូរបែប៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី