គម្រោងវិនិយោគចំនួន៣១ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC ក្នុងខែតុលា ឆ្នាំ២០២៤ ជាមួយទុនវិនិយោគសរុបប្រមាណ ២២៦លានដុល្លារអាមេរិក ខណៈប្រទេសចិនបន្តនាំមុខគេក្នុងចំណោមបណ្តាប្រទេសវិនិយោគនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី៥ ខែវិច្ឆិកានេះ ក្នុងខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន៣០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ១៦ពាន់កន្លែង។
CDC បញ្ជាក់ថា ប្រភពទុនវិនិយោគដែលឈរលំដាប់ជួរមុខ រួមមាន៖ ប្រទេសចិន ៥៣.៣៩% កម្ពុជា ២៩.៤៧% សិង្ហបុរី ១២.១៣% កោះ Samoa ២.៧% និងវៀតណាម ២.៣២%។ គម្រោងវិនិយោគចំនួន៣១ មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០គម្រោង។
CDC កត់សម្គាល់ថា គម្រោងវិនិយោគទាំង៣១ មានគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប, គម្រោងបង្កើតរោងចកផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, សម្ភារៈបរិក្ខាសម្រាប់បោះតង់, គ្រឿងសង្ហារឹម, គ្រឿងតុបតែងលម្អនិងគម្រោងផ្សេងៗ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម