មហាសេដ្ឋីមានបំផុតលើលោក Elon Musk បានចំណាយថវិកា ៣៥លានដុល្លារ ដើម្បីទិញភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយខ្នង នៅទីក្រុង Austin រដ្ឋតិចសាស់ ដើម្បីរស់នៅជាមួយកូនៗ ១១នាក់របស់ខ្លួន។
តាមរយៈការចុះផ្សាយពីសារព័ត៌មាន New York Times បានបង្ហាញថា ភូមិគ្រឹះមួយខ្នងនោះ គឺមានផ្ទៃក្រឡាប្រហែល ១ ៣៣៨ម៉ែត្រការ៉េ និងមានបន្ទប់គេងចំនួន ៦។ មេធំ Tesla រូបនេះ ក៏បានបង់ប្រាក់លើសពីទីផ្សារចំនួន ៧០% ដើម្បីឲ្យភ្នាក់ងារលក់អចលនទ្រព្យរក្សាការសំងាត់ថែមទៀត។
សារព័ត៌មាន NYT បានរាយការណ៍ទៀតថា Elon Musk អនុញ្ញាតឲ្យម្ដាយទាំង ៣រូប របស់កូនៗទាំង ១១នាក់របស់លោក មកស្នាក់នៅភូមិគ្រឹះតម្លៃ ៣៥លានដុល្លារនេះ ដើម្បីបង្កើនភាពស្និទ្ធស្នាលនៅក្នុងគ្រួសារ។
គួររំលឹកបន្តិចថា កាលពីឆ្នាំ២០២០ Elon Musk ធ្លាប់ប្រកាសក្ដែងៗថា លោកបានលក់ផ្ទះទាំងអស់ចំនួន ៧ខ្នង ដើម្បីផ្ដោតលើការស្រាវជ្រាវអំពីលទ្ធភាពរស់នៅលើភពអង្គារ ក៏ប៉ុន្តែមួយរយៈចុងក្រោយ មានរបាយការណ៍អះអាងថា មហាសេដ្ឋីអាមេរិករូបនេះ មានអចលនទ្រព្យផ្ទាល់ខ្លួនយ៉ាងហោចណាស់ ៣ខ្នង នៅទីក្រុង Austin រដ្ឋតិចសាស់៕
អត្ថបទ៖ Luffy រូបភាព៖ Visionary Businesses