ក្រុមហ៊ុន Shunsin Vietnam Technology Co., Ltd ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុនមេ Foxconn កំពុងស្វែងរកការអនុញ្ញាតពីអាជ្ញាធរក្នុងខេត្ត Bac Giang សម្រាប់ការសាងសង់រោងចក្រផលិតបន្ទះឈីប តម្លៃ ៨០លានដុល្លារ។
តាមរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន ដែលកំពុងត្រួតពិនិត្យដោយក្រសួងផែនការ និងវិនិយោគវៀតណាម បានបង្ហាញថា ក្រុមហ៊ុន Foxconn នឹងចំណាយលុយផ្ទាល់ខ្លួន ២០លានដុល្លារ ស្របពេល ៦០លានដុល្លារទៀត ប្រមែប្រមូលពីការខ្ចីបំណុល និងរៃអង្គាសផ្សេងៗ សម្រាប់ផែនការវិនិយោគនៅវៀតណាមសារនេះ។
គ្រោងការសាងសង់រោងចក្ររបស់ Foxconn នៅវៀតណាម គឺផ្ដោតសំខាន់លើការផលិតបន្ទះឈីប និងគ្រឿងបង្គុំអេឡិចត្រូនិក ជាពិសេសគឺបន្ទះសៀគ្វី ជាមួយសមត្ថភាពផលិតបាន ៤,៥លានគ្រឿងជារៀងរាល់ឆ្នាំ ខណៈផលិតផលទាំងអស់នោះ នឹងត្រូវនាំចេញទៅកាន់ទីផ្សារអាមេរិក សហភាពអឺរ៉ុប និងប្រទេសជប៉ុន។
ក្រុមហ៊ុនតៃវ៉ាន់មួយនេះ មានបំណងបញ្ចប់ការរត់ឯកសារសុំការអនុញ្ញាតសាងសង់រោងចក្រ ត្រឹមខែធ្នូខាងមុខ និងរំពឹងបញ្ចប់ការសាងសង់ត្រឹមខែឧសភា ឆ្នាំ២០២៦។
សូមជម្រាបបន្ថែមថា Foxconn បានចាប់ផ្ដើមធ្វើអាជីវកម្មនៅប្រទេសវៀតណាមតាំងពីឆ្នាំ២០០៧ ហើយមកទល់ពេលនេះពួកគេមានរោងចក្រជាច្រើនកន្លែង នៅក្នុងខេត្ត Bac Ninh និងខេត្ត Bac Giang ដែលក្រុមហ៊ុននេះចាយលុយជិត ៥០០លានដុល្លារ ដើម្បីវិនិយោគក្នុងរោងចក្រ Fukang Technology៕
អត្ថបទ៖ Luffy រូបភាព៖ CNBC