ក្រុមអ្នកមានកំពូលនៅកម្ពុជា-ចិន ជជែកគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងផ្គូផ្គងពាណិជ្ជកម្ម

ក្រុមអ្នកមានកំពូលនៅកម្ពុជា-ចិន ជជែកគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងផ្គូផ្គងពាណិជ្ជកម្ម

ថ្មីៗនេះ ថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា និងសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី ដែលបណ្តុំទៅក្រុមហ៊ុនធំៗ អ្នកមានកំពូលៗ បានជជែកពិភាក្សាគ្នាពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ការផ្គូផ្គងពាណិជ្ជកម្ម ឬការចាប់ដៃគូរវាងសមាជិកនៃភាគីទាំងពីរ។

លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានប្រាប់ប្រតិភូសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ីអំពីចក្ខុវិស័យក៏ដូចជាបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជាដែលប្រមូលផ្តុំដោយសមាជិកដែលសុទ្ធសឹងជាពាណិជ្ជករដ៏មានសក្តានុពលហើយកំពុងគ្រប់គ្រងអាជីវកម្មលើពហុវិស័យហើយបានរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតការងារ និងសកម្មភាពពាណិជ្ជកម្មក៏ដូចជាការវិនិយោគផងដែរ។ 

តាមដានជាមួយយើង៖ Million Times

លោកបានគូសបញ្ជាក់ថា តាមរយៈជំនួបនេះនឹងបើកនូវទំព័រថ្មីសម្រាប់សមាគមទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកឈានទៅរកការផ្គូផ្គងពាណិជ្ជកម្មឬការចាប់ដៃគូរវាងសមាជិកនៃភាគីទាំងពីរ ខណៈដែលប្រទេសកម្ពុជា និងចិន គឺជាដៃគូដែកថែបនិងជាទីផ្សារដ៏ធំសម្រាប់កម្ពុជា។

លោក Chen Jun អនុប្រធានប្រតិបត្តិ និងជាអគ្គលេខាធិការនៃសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី បានលើកឡើងថា ជំនួបពិភាក្សាការងារនេះធ្វើឡើងដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើផ្នែកធុរកិច្ចរវាងសា្ថប័នទាំងពីរ ខណៈដែលសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី មានសមាជិកជាង ២ម៉ឺននាក់ និងមានសាខាជាង ៦០នៅក្នុងប្រទេសចិន និងមានការិយាល័យតំណាងចំនួន ១៥នៅក្នុងទ្វីបអឺរ៉ុប អាស៊ី និងសហរដ្ឋអាម៉េរិក។

លោកបានបញ្ជាក់ថា សម្រាប់ដំណើរទស្សនកិច្ចលើកនេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃក្រុមហ៊ុនធំៗដែលកំពុងវិនិយោគលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ដោយវិនិយោគិនទាំងនេះសុទ្ធតែមានចំណាប់អារម្មណ៍លើវិស័យកសិកម្មនៅកម្ពុជាដែលមានសក្តានុពលខ្ពស់ក្នុងវិស័យកសិ-ឧស្សាហកម្មនិងមានផលិតផលកសិកម្មដែលមានសក្តានុពលជាច្រើនដូចជា ស្រូវ កៅស៊ូ ដំឡូងមី ស្វាយចន្ទី ចេក និងម្រេចជាដើម។

លោកមានសុទិដ្ឋិនិយមថា សមាគមទាំងពីរនឹងអាចសម្រេចបានកិច្ចសហការនាពេលដ៏ខ្លីខាងមុខតាមរយៈការបង្កើតនូវយន្តការពិភាក្សាបន្ថែមទៀត ការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងការបង្កើតឱ្យមានវេទិកាធុរកិច្ចយ៉ាងតិច ១ឆ្នាំម្តងដើម្បីឱ្យសមាជិកនៃសមាគមទាំងពីរបានជួបពិភាក្សា និងចាប់ដៃគូធុរកិច្ចជាមួយគ្នាទៅវិញទៅមក។ 

ភាគីប្រតិភូចិន បង្ហាញនូវជំនឿចិត្តថា សមាគមឧកញ៉ាកម្ពុជា នឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះបេសកកម្មរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ីប្រចាំនៅកម្ពុជាហើយជាពិសេសនឹងមានកិច្ចសន្ទនាជាមួយគ្នាជាប្រចាំដើម្បីផ្លាស់ប្តូរព័ត៌មាន និងកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគតាមរយៈការផ្គូផ្គងធុរកិច្ចរវាងសមាជិកនៃសមាគមទាំងពីរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ សមាគមឧកញ៉ាកម្ពុជា