១០ខែទូតកម្ពុជាប្រចាំនៅកូរ៉េ ទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបជាង ៦ពាន់ច្បាប់

១០ខែទូតកម្ពុជាប្រចាំនៅកូរ៉េ ទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបជាង ៦ពាន់ច្បាប់

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ បានបិទបញ្ចប់ការផ្តល់សេវាទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែន ខណៈនៅត្រឹមថ្ងៃទី២ ខែវិច្ឆិកានេះ ដោយគិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន ៦.២៥២ ច្បាប់ និងបានបើកលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរបានសរុបចំនួន ៤.៩៧១ នាក់។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ចំពោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​​​ ក្រសួងមហាផ្ទៃ មន្ត្រី និងបុគ្គលិកស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ ព្រមទាំងនិស្សិត និងសហគមន៍ខ្មែរស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលការផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ នៅស្ថានទូតកម្ពុជា រហូតឈានសម្រេចបាននូវការបិទបញ្ចប់ដំណើរការនៃការផ្តល់សេវាដោយជោគជ័យគួរជាទីមោទនៈ ហើយដែលពិតជាបានជួយសម្រួលដល់ការលំបាក និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងពលករយើងនៅក្នុងប្រទេសកូរ៉េបានយ៉ាងច្រើន។

តាមដានជាមួយយើង៖ Million Times

សម្តេចនាយករដ្ឋមន្រ្តីបានឲ្យដឹងថា គិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន ៦.២៥២ ច្បាប់ និងបានបើកលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរបានសរុបចំនួន ៤.៩៧១ នាក់ ។ 

ជាមួយគ្នានេះផងដែរ សម្តេចក៏សូមសម្តែងនូវក្តីរីករាយសាទរចំពោះទំនុកចិត្ត និងភាពកក់ក្តៅរបស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែររស់នៅក្នុងប្រទេសកូរ៉េ ដែលបានមកទទួលសេវាផ្តល់លិខិតឆ្លងដែននេះ។

ស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង កន្លងទៅក៏ធ្លាប់បានជូនដំណឹងពីការបិទបញ្ចប់ការផ្តល់សេវាធ្វើលិខិតឆ្លងដែនធម្មតាដល់ប្រជាពលរដ្ឋ និងពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូងម្តងរួចមកហើយកាលពីខែសីហា ដោយបញ្ជាក់ថា រាល់ការស្នើសុំធ្វើលិខិតឆ្លងដែនធម្មតា គឺត្រូវធ្វើដោយផ្ទាល់នៅប្រទេសកម្ពុជា។

ក្រោយការផ្អាកសេវាផ្តល់លិខិតឆ្លងដែនធម្មតាសម្រាប់ពលរដ្ឋ ខ្មែរដែលកំពុងរស់នៅធ្វើការ និងសិក្សានៅប្រទេសកូរ៉េ បានមួយថ្ងៃ ស្ថានទូតកម្ពុជាក៏ប្រកាសបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃ​ទី​៤ ខែកញ្ញា ដល់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ២០២៤។ សេវា​លិខិតឆ្លងដែន​នេះ ផ្ដួចផ្ដើម​​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​កាល​ពី​ខែ​មករា ដើម្បី​សម្រាល​បន្ទុក​ចំណាយ​លុយ​កាក់ និង​ពេលវេលា​ដោយ​ពួកគេ​ត្រូវ​​ត្រឡប់​មក​កម្ពុជា​វិញ​សម្រាប់​ការបន្ត ឬ​ធ្វើ​​លិខិត​ឆ្លង​ដែន​ថ្មី៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចធិបតី