នាព្រឹកថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសពិសាអាហារពេលព្រឹក ជាមួយអ្នកឧកញ៉ា ម៉ុង ឫទ្ធី ដើម្បីពិភាក្សាគ្នាលើការផលិតជីសរីរាង្គ (ជីធម្មជាតិ) ដើម្បីលក់ចែកជូនប្រជាកសិករខ្មែរ ក្នុងតម្លៃទាបជាងជីនាំចូលមកពីបរទេស។ ព្រមទាំងបានជួយជំរុញពង្រីកវិស័យទេសចរណ៍ធម្មជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
លោកបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់ថា ក្រោយពីបានជួបពិភាក្សារយៈពេល ១ម៉ោង ១៥ នាទីរួចមក លោកពិតជាបានកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះសម្ដេចបវរធិបតី ដែលឈ្លាសវៃ ស្ទើរតែគ្រប់ពាក្យទាំងអស់ ប្រមុខរាជរដ្ឋាភិបាលរូបនេះ គិតគូរតែពីផលប្រយោជន៍ជាតិ និងប្រជាជន ខ្មែរជាធំ។
ម្ចាស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដែលសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត បានផ្ដល់កិត្តិយស ហើយអ្នកឧកញ៉ាប្ដេជ្ញាខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីអនុវត្តឲ្យបានតាមអនុសាសន៍របស់សម្ដេច ដើម្បីបានចូលរួមចំណែកបម្រើជាតិប្រជាជន លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ធម្មជាតិនេះ។
ក្រោយទទួលទានអាហារពេលព្រឹកយ៉ាងសាមញ្ញ ព្រមទាំងពិភាក្សាកិច្ចការចប់សព្វគ្រប់ អ្នកឧកញ៉ា និងសម្ដេចបវរធិបតី បានថតរូបខ្លះៗ ដើម្បីចែករំលែកពីរឿងសំខាន់នោះឲ្យមហាជនដឹងផងដែរ៕