ក្រុមហ៊ុនរថយន្តខ្នាតយក្សជប៉ុន Toyota បានប្រកាសនាថ្ងៃទី៣០ ខែតុលាថា ទិន្នផលផលិត និងការលក់របស់ខ្លួនទូទាំងសកលលោក បានថយចុះរយៈពេល ៨ខែជាប់ៗគ្នា គិតត្រឹមខែកញ្ញា។
សារព័ត៌មាន Reuters បានចុះផ្សាយថា អត្រាផលិត និងលក់របស់ក្រុមហ៊ុន Toyota ធ្លាក់ចុះខ្លាំង ដោយសារទិន្នន័យលក់នៅទីផ្សារធំបំផុត២ របស់ខ្លួន គឺសហរដ្ឋអាមេរិក និងចិន ជួបប្រទះការថយចុះខ្លាំងពេក។
ការផលិតរថយន្តសរុបរបស់ Toyota សម្រាប់ខែកញ្ញា បានធ្លាក់មកនៅត្រឹម ៨២៦ ៥៥៦គ្រឿង ដោយនៅសហរដ្ឋអាមេរិកមានការថយចុះ ១៤% និងនៅប្រទេសចិនថយចុះដល់ទៅ ១៩%។
សូមជម្រាបដែរថា ការផលិតរថយន្ត Toyota នៅអាមេរិក ធ្លាក់ចុះដោយសារតែបញ្ហាកង្វះគ្រឿងបន្លាស់ ដូចជាពោងខ្យល់ ស្របពេលនៅប្រទេសចិន ក្រុមហ៊ុននេះមានបញ្ហាលើការប្រកួតប្រជែង ជាមួយក្រុមហ៊ុនរថយន្តក្នុងស្រុក ដែលកំពុងរីកដូចផ្សិត ដែលបានធ្វើឲ្យអត្រាលក់របស់ Toyota ថយចុះប្រហែល ២០% នៅលើទីផ្សារមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកទី២៕
អត្ថបទ៖ Luffy រូបភាព៖ Top Gear