Alibaba បង់ប្រាក់ជាង ៤០០លានដុល្លារ បញ្ចប់រឿងក្ដីជាមួយម្ចាស់ភាគហ៊ុន

Alibaba បង់ប្រាក់ជាង ៤០០លានដុល្លារ បញ្ចប់រឿងក្ដីជាមួយម្ចាស់ភាគហ៊ុន

ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Alibaba បានប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ពួកគេព្រមព្រៀងបង់ប្រាក់ប្រមាណ ៤៣៣,៥លានដុល្លារ ដើម្បីបញ្ចប់សំណុំរឿងក្ដី ជាមួយម្ចាស់ភាគហ៊ុនអាមេរិក។

តាមដានជាមួយយើង៖ Million Times

តាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមម្ចាស់ភាគហ៊ុនអាមេរិក បានចោទប្រកាន់ក្រុមហ៊ុន Alibaba ជុំវិញការរកស៊ីបែបផ្ដាច់មុខ (Monopoly) នៅក្នុងទីផ្សារប្រកួតប្រជែង។

ទោះជាយល់ព្រមបង់លុយមែន តែ Alibaba អះអាងថា ខ្លួនមិនបានធ្វើខុសដូចពាក្យចោទប្រកាន់ឡើយ ហើយការបង់លុយបញ្ចប់រឿងនេះ ដោយសារមិនចង់អូសបន្លាយ បន្តវិវាទជាមួយម្ចាស់ភាគហ៊ុនប៉ុណ្ណោះ។

មេធាវីដើមបណ្ដឹងអះអាងថា ការសម្រេចចិត្តរបស់ Alibaba គឺជារឿងត្រឹមត្រូវបំផុត ដ្បិតបើរឿងក្ដីបន្តអូសបន្លាយកាន់តែយូរឆ្នាំ ក្រុមហ៊ុនខ្នាតយក្សចិនមួយនេះប្រឈម នឹងការចាយលុយដល់ជាង ១១ពាន់លានដុល្លារឯណោះ ដើម្បីសងជំងឹចិត្តដល់ក្រុមម្ចាស់ភាគហ៊ុន។

គួររំលឹកបន្តិចថា រឿងក្ដីក្ដាំនេះបានកើតឡើងតាំងពីឆ្នាំ២០២០ នៅពេលក្រុមហ៊ុន Alibaba ទាមទារឲ្យពាណិជ្ជករ ដែលមានហាងលក់ទំនិញលើផ្លេតហ្វមរបស់ខ្លួន មិនអាចរកស៊ីលើផ្លេតហ្វមដទៃបានឡើយ។

ពេលនោះតម្លៃហ៊ុនរបស់ Alibaba បានធ្លាក់ចុះខ្លាំង ហើយក្រុមម្ចាស់ភាគហ៊ុនទាមទារការសងជំងឺចិត្ត គិតជាសាច់ប្រាក់តាមតម្លៃភាគហ៊ុនពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០៕

អត្ថបទ៖ Luffy រូបភាព៖ CNBC