ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃបានបិទបញ្ចប់ហើយនាល្ងាចថ្ងៃអាទិត្យ ទី២០ ខែតុលានេះ ដោយមានកីឡាករ-កីឡាការិនីឆ្នើមៗ ទទួលបានមេដាយមាសពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដ៏មានសារៈសំខាន់ និងប្រកបដោយគុណតម្លៃថ្លៃថ្លាបំផុតនេះ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ «មរតកយុទ្ធគុនដូនតាខ្មែរ» ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ថ្លែងក្នុងពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ នាល្ងាចថ្ងៃអាទិត្យនេះ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរគណៈកម្មការរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ហើយសង្ឃឹមថា នៅឆ្នាំក្រោយ នឹងមានការចូលរួមប្រកួតច្រើនជាងនេះថែមទៀត។
សម្តេចថ្លែងបន្តថា ទោះបីជារយៈពេល៣ថ្ងៃមកនេះ សម្តេចមិនបានតាមដានផ្ទាល់ ប៉ុន្តែសម្តេចបានមើលតាមរយៈការ Live ផ្ទាល់ជាប់រហូត។ សម្តេចគូសបញ្ជាក់ថា ការរៀបចំការប្រកួតយុទ្ធជននេះ ជាការបង្ហាញក្បាច់គុនសម្បូរបែបរបស់កម្ពុជា។
សម្តេចសង្ឃឹមថា នៅឆ្នាំក្រោយនេះ នឹងមានការចូលរួមប្រកួតក្បាច់គុណនៅកម្ពុជា កាន់តែច្រើនជាងឆ្នាំនេះថែមទៀត។ ទន្ទឹមនឹងនេះសម្តេចបានអំពាវនាវឱ្យចូលរួមអភិរក្សក្បាច់គុនបុរាណខ្មែរឲ្យកាន់តែរុងរឿងថែមទៀត និងជំរុញឱ្យមានការផ្សព្វផ្សាយក្បាច់គុនចម្រុះខ្មែរបុរាណឱ្យបានកាន់តែទូលំ ទូលាយ ដោយសង្ឃឹមថានឹងមានការជំរុញហាត់ក្បាច់គុនខ្មែរឱ្យបានច្រើន៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី