នៅប៉ុន្មានថ្ងៃ ១០ថ្ងៃទៀតប៉ុណ្ណោះ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននឹងត្រូវបិទបញ្ចប់ដោយឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ខណៈគិតត្រឹមថ្ងៃទី២០ ខែតុលានេះ មូលនិធិប្រមូលថវិកាបានប្រមាណជាង ២៦លានដុល្លារអាមេរិក។
សេចក្តីជូនដំណឹងបិទបញ្ចប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន របស់ខុទ្ធកាល័យនាយករដ្ឋមន្រ្តីនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នឹងត្រូវបិទបញ្ចប់ ដោយឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះតទៅ។
ខុទ្ទកាល័យនាយករដ្ឋមន្រ្តី បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ មានបងប្អូនជនរួមជាតិប្រមាណជិត៧០ម៉ឺនអង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុសដោយសរុបជាទឹកប្រាក់ ចំនួន ២៦,៣៣២,៨៨៣.០០ដុល្លារ (ម្ភៃប្រាំមួយលានសាមសិបបីម៉ឺនពីរពាន់ប្រាំបីរយប៉ែតសិបបីដុល្លារអាមេរិក)។ ខុទ្ទកាល័យនាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
ជាមួយគ្នានេះដែរ ខុទ្ទកាល័យនាយករដ្ឋមន្រ្តី បានប្រាប់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សូមបន្តទាក់ទងក្រុមការងារមូលនិធិ និងធ្វើការបរិច្ចាគទៅកាន់គណនីធនាគាររបស់មូលនិធិឱ្យបានរួសរាន់នៅមុនថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ។
ពាក់ព័ន្ធនឹងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះដែរ សម្តេច ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងក្នុងវេទិកាសាធារណៈថា ការកសាងផ្លូវក្រវាត់តាមព្រំដែន រាជរដ្ឋាភិបាល នឹងបង្កើតគណៈកម្មការដើម្បីរៀបចំការចំណាយថវិកា ក្នុងការសាងសង់ឲ្យមានភាពច្បាស់លាស់ និងត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពលម្អិតអំពីការចំណាយ។ បន្ថែមពីនោះទៀត សម្តេចនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល សូមធ្វើការធានាជូននូវតម្លាភាព និងការប្រើប្រាស់ ឲ្យចំគោលដៅនៃថវិកា សម្រាប់ធ្វើផ្លូវក្រវាត់តាមព្រំដែន ហើយការងារនេះ នឹងធ្វើជាជំហានៗ។
បើតាមសម្តេច ហ៊ុន ម៉ាណែត កិច្ចការដែលរាជរដ្ឋាភិបាល ត្រូវធ្វើដើម្បីការពារទឹកដី រួមមាន៖ បន្តបោះបង្គោលព្រំដែន ជាមួយប្រទេសជិតខាងឲ្យចប់សព្វគ្រប់, អភិវឌ្ឍន៍តំបន់ព្រំដែន, ជំរុញកំណើនប្រជាជន និងការធ្វើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ សម្តេចបញ្ជាក់បន្ថែមថា ផ្លូវក្រវាត់ព្រំដែននៅសល់ប្រវែងប្រមាណ១,៣០០គីឡូម៉ែត្រទៀត។ កាលពីចុងខែកក្កដា សម្តេចបានចុះហត្ថលេខាលើផែនការសាងសង់បញ្ចប់ផ្លូវនេះ ដោយប្រើរយៈពេល១០ឆ្នាំ ជាមួយថវិកា ជាង២០០លានដុល្លារ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម