ក្រុម Pro Esports របស់លោក អ៊ឹង ស៊ីវឈន់ ដែលជាកូនសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួត MPL KH S7 ថ្ងៃនេះ ក្រោយពីប្រកួតចុងក្រោយចាញ់ក្រុម Galaxy Legends ក្នុងលទ្ធផល ១-៣។
Pro Esports កាលពីវគ្គ Regular Season ធ្វើបានល្អមែនទែន លេងឈ្នះទាំងក្រុម CFU Gaming ថែមទៀត និងទទួលបានចំណាត់ថ្នាក់លេខ២ ឡើងមកលេង playoffs។ តែឈានដល់វគ្គសំខាន់ playoffs ពួកគេបែរជាធ្វើមិនបានល្អទៅវិញ។
ជាក់ស្ដែងប្រកួតដំបូងនៅវគ្គនេះលេងចាញ់ក្រុម Galaxy Legends ធ្លាក់ទៅលេងនៅ Lower Bracket ជាមួយ See You Soon។ ពួកគេ អាចយកឈ្នះ Soon បានក្នុងលទ្ធផល ៣-២ ដើម្បីឡើងដល់ Final Lower Bracket ដែរ តែចុងក្រោយចាញ់ក្រុម Galaxy Legends ក្នុងលទ្ធផល ១-៣ ទៀតដែលជាប្រកួតចុងក្រោយរបស់ពួកគេនៅ MPL KH Season7 នេះ ហើយតាមលទ្ធផល Pro Esports បានលេខ៣។
ក្រុម Pro Esports បង្កើតឡើងដោយលោក អ៊ឹង ស៊ីវឈន់ ដែលជាអគ្គនាយកក្រុមហ៊ុន ដូនពេញ ត្រេឌីង ឯ.ក ឬគ្រប់គ្នាស្គាល់ថាជាម្ចាស់ក្រុមហ៊ុនទឹកបរិសុទ្ធ Pro Vidal។ កំលោះសង្ហាកូនអភិជនលំដាប់ខ្ពស់បង្កើតក្រុមនេះឡើងដើម្បីចូលរួមជួយអភិវឌ្ឍវិស័យ Esports នៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ៕