ទីផ្សារសម្ភារៈនិយមនៅចិនធ្លាក់ចុះ ធ្វើឲ្យក្រុមហ៊ុនLVMH ខាតបង់ជាង ១៦០ពាន់លានដុល្លារ

ទីផ្សារសម្ភារៈនិយមនៅចិនធ្លាក់ចុះ ធ្វើឲ្យក្រុមហ៊ុនLVMH ខាតបង់ជាង ១៦០ពាន់លានដុល្លារ

ក្រុមហ៊ុន LVMH របស់មហាសេដ្ឋីបារាំង Bernard Arnault ដែលជាស្ដេចត្រាញ់នៅលើវិស័យសម្ភារៈនិយម បានប្រកាសពីការខាតបង់ដ៏ធ្ងន់ធ្ងរ មិនធ្លាប់មានប្រហែល ១៦៣ពាន់លានដុល្លារ បន្ទាប់ពីទីផ្សារសម្ភារៈនិយមនៅចិន កំពុងជួបហានិភ័យ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Bloomberg បានបង្ហាញថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ស្ថានភាពទីផ្សារសម្ភារៈនិយមនៅប្រទេសចិន មិនសូវទទួលបានការគាំទ្រខ្លាំងពីប្រជាជនឡើយ ដោយសារកត្តាសេដ្ឋកិច្ចមិនអំណោយផល គួបផ្សំនឹងកត្តាតម្លៃទំនិញទាំងនោះ មានកំណើនខ្លាំងជាងរាល់ឆ្នាំ។

ការលក់កាបូប LV សម្លៀកបំពាក់ Dior របស់ក្រុមហ៊ុន LVMH មានការធ្លាក់ចុះមិនធ្លាប់មាន រហូតដល់ ១៦% ជាចំណុចអាក្រក់បំផុត បើធៀបនឹងសាខានៅប្រទេសផ្សេងៗទៀត និងបានធ្វើឲ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះរហូត ៧,៥% ដែលជាចំណុចទាបបំផុត ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ។

អត្រាលក់អាក្រក់បែបនេះ បានធ្វើឲ្យម្ចាស់ក្រុមហ៊ុន មហាសេដ្ឋីបារាំង Bernard Arnault រងការខូចខាតមិនស្ទើរផងដែរ ដោយរយៈពេល ១៨ខែចុងក្រោយ ទ្រព្យសម្បត្តិរបស់លោក បានរបូតអស់ប្រហែល ៣៧ពាន់លានដុល្លារ មកនៅត្រឹម ១៧៧ពាន់លានដុល្លារ ឈរនៅលេខរៀងទី០៥ ជាមហាសេដ្ឋីមានលុយច្រើនបំផុតលើលោក។ នេះបើតាមការបង្ហាញ ដោយគេហទំព័រ Bloomberg៕

អត្ថបទ៖ Luffy រូបភាព៖ Investopedia