សេតវិមានគ្រោងរឹតបន្តឹងការនាំចេញបន្ទះឈីប របស់ក្រុមហ៊ុនខ្នាតយក្សអាមេរិកចំនួន២

សេតវិមានគ្រោងរឹតបន្តឹងការនាំចេញបន្ទះឈីប របស់ក្រុមហ៊ុនខ្នាតយក្សអាមេរិកចំនួន២

រដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន បានជជែកគ្នាអំពីការរឹតបន្តឹង លើការនាំចេញផលិតផលបន្ទះឈីប របស់ក្រុមហ៊ុនខ្នាតយក្សអាមេរិកចំនួន២ គឺក្រុមហ៊ុន Nvidia និងក្រុមហ៊ុន AMD ទៅកាន់ប្រទេសមួយចំនួន។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីគេហទំព័រ TechCrunch បានបង្ហាញថា ប្រទេសដែលនឹងត្រូវកំណត់ ការទិញបន្ទះឈីបពីក្រុមហ៊ុនទាំង២ ខាងលើ អាចនឹងមានប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ដែលកំពុងចាយលុយយ៉ាងច្រើន លើការវិនិយោគក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI។

រដ្ឋាភិបាលអាមេរិកបានសម្លឹងឃើញថា ផលិតផលបន្ទះឈីបដែលផលិតនៅក្នុងប្រទេសរបស់ខ្លួន គឺជាកូនសោសំខាន់បំផុតមួយ ជួយឲ្យអាមេរិកអាចដណ្ដើមទីផ្សារបច្ចេកវិទ្យាសកលលោក និងមានផលប្រយោជន៍ជាច្រើន។

តួយ៉ាងកាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានដាក់បម្រាម ហាមក្រុមហ៊ុន Nvidia និង AMD លក់បន្ទះឈីប AI ទៅឲ្យក្រុមហ៊ុនចិន និងថែមទាំងហាមឃាត់ការនាំចេញទៅកាន់ប្រទេសចំនួន ៤០ផ្សេងទៀត ដើម្បីទប់ស្កាត់ការនាំចេញបន្ទះឈីបអាមេរិក ទៅកាន់ប្រទេសចិនដោយប្រយោល។

គួររំលឹកបន្តិចថា បច្ចុប្បន្ន សហរដ្ឋអាមេរិក និងមហាយក្សចិន កំពុងធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ នៅលើវិស័យបច្ចេកវិទ្យា ដោយបន្ទះឈីប AI គឺជាផលិតផលចំបង ក្នុងការកំណត់ស្វែងរកអ្នកឈ្នះ នៅក្នុងសមរភូមិបច្ចេកវិទ្យាមួយនេះ៕

អត្ថបទ៖ Luffy រូបភាព៖ CNBC