ក្រោយបង្ហាញរថយន្តគ្មានចង្កូត Elon Musk បាត់បង់ទ្រព្យសម្បត្តិអស់ ១៥ពាន់លានដុល្លារ

ក្រោយបង្ហាញរថយន្តគ្មានចង្កូត Elon Musk បាត់បង់ទ្រព្យសម្បត្តិអស់ ១៥ពាន់លានដុល្លារ

បន្ទាប់ពីបង្ហាញវត្តមានរថយន្តគ្មានចង្កូត គ្មានហ្គែរជាន់ល្បឿន ដំណើរការដោយប្រព័ន្ធ AI ទាំងស្រុង មហាសេដ្ឋី Elon Musk បែរជាជួបទុក្ខធំ ខាតបង់ទ្រព្យសម្បត្តិអស់ប្រហែល ១៥ពាន់លានដុល្លារ។

តាមដានជាមួយយើង៖ Million Times

គេហទំព័រ Fortune បានរាយការណ៍ថា ក្រោយមហាសេដ្ឋីអាមេរិករូបនេះ ប្រកាសពីវត្តមានរថយន្តនាថ្ងៃអនាគត Cybercab រួច ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានដាំក្បាលចុះជិត ១០% ពោលធ្លាក់ពី ២៤០ដុល្លារក្នុងមួយហ៊ុន មកនៅត្រឹម ២១៧ដុល្លារប៉ុណ្ណោះ។

កត្តាដែលធ្វើឲ្យក្រុមហ៊ុន Tesla ជួបប្រទះការខាតបង់ខ្លាំងបែបនេះ គឺបណ្ដាលមកពីក្រុមអ្នកវិភាគ បង្ហាញការមិនទុកចិត្ត ចំពោះសុវត្ថិភាពនៃរថយន្ត Cybercab ដ្បិតការបើកបរសាកល្បង ធ្វើឡើងនៅកន្លែងរៀបចំទុកមុន ដោយមិនមានរថយន្តផ្សេងៗបើកបរ វាផ្ទុយស្រឡះពីការបើកបរលើដងផ្លូវ ដែលមានរថយន្តច្រើនស្កេកស្កះ។

លោក Colin Langan អ្នកវិភាគនៅក្រុមហ៊ុនហិរញ្ញវត្ថុ Wells Fargo បានលើកឡើងថា សាកស្រមៃមើល ជិះរថយន្តគ្មានចង្កូត គ្មានហ្គែរ លើដងផ្លូវដែលមានចរាចរណ៍មមាញឹក បើសិនជាមានបញ្ហាអ្វីមួយ តើអ្នកអាចគ្រប់គ្រងស្ថានការណ៍បានដោយរបៀបណា?

បើទោះជារបូតលុយអស់ប្រហែល ១៥ពាន់លានដុល្លារក្ដី តែ Elon Musk នៅតែជាប់ឈ្មោះជាកំពូលមហាសេដ្ឋីមានលុយច្រើនបំផុតលើលោកដដែល ជាមួយទ្រព្យសម្បត្តិប្រហែល ២៤១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg៕