លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) លើកឡើងថា ការចុះពិនិត្យជាក់ស្តែងគឺ កសិករលក់ស្រូវនៅបានចំណេញនៅឡើយ ហេតុអ្វីនៅមានពាក្យចចាមអារ៉ាមបង្ហោះលើបណ្ដាញសង្គមថាតម្លៃស្រូវធ្លាក់ថ្លៃខ្លាំង។
លោក កៅ ថាច កាលពីថ្ងៃទី៩ ខែតុលាម្សិកមិញ ចុះជួបម្ចាស់រោងម៉ាស៊ីនកិនស្រូវ៤កន្លែងផ្សេងគ្នា ក្នុងនោះក៏បានពិនិត្យមើលសកម្មភាពនៃការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនដែលកំពុងតែទិញស្រូវពី កសិករស្ថិតនៅស្រុកមង្គលបូរី ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ទាក់ទងនិងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ លោកបានស្នើសុំឲ្យរោងម៉ាស៊ីនត្រូវ បង្កើតសមត្ថភាពកិនស្រូវថែមទៀត និងទិញស្រូវឲ្យបានបរិមាណច្រើន ដើម្បីកែច្នៃនាំចេញ។
លោកថា ការចុះពិនិត្យជាក់ស្តែង គឺកសិករលក់ស្រូវនៅបានចំណេញនៅឡើយ ហេតុអ្វីនៅមានពាក្យចចាមអារ៉ាមបង្ហោះលើបណ្ដាញសង្គម យ៉ាងដូច្នេះ តាមពិតរោងម៉ាស៊ីននៅទិញ ក្នុងតម្លៃខ្ពស់ នឹងមានស្ថេរភាពនៅឡើយ។
បើតាមការចុះពិនិត្យមើលការប្រមូលផលស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរបស់អគ្គនាយកធនាគារ ARDB ស្រូវមានតម្លៃចន្លោះ ១០៥០រៀល ទៅ១១០០រៀល បើធៀបកាលមុនភ្ជុំបុណ្ឌ។
យោងតាមម្ចាស់រោងម៉ាស៊ីនទាំង ៤ខាងលើ គិតត្រឹមថ្ងៃទី៩ ខែតុលានេះ តម្លៃស្រូវបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌហើយ នៅមានតម្លៃល្អនៅតាមតំបន់នីមួយៗ គឺអាស្រ័យលើគុណភាពស្រូវផងដែរជាក់ស្តែងនៅខេត្ត បាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម។
ម្ចាស់រោងម៉ាស៊ីនបង្ហាញថា គិតត្រឹមរសៀលថ្ងៃទី៩ ខែតុលានេះ តម្លៃស្រូវ OM 5451 ស្រូវស្រង៉ែ និងសែនក្រអូប គឺ កសិករអាចលក់បានតម្លៃ មានស្ថិរភាពនៅឡើង មិនដូចការលើក ឡើងតាមបណ្តាញសង្គមនោះឡើយ ពោលតម្លៃ អាស្រ័យលើគុណភាពស្រូវ ដែលមានការប្រើប្រួលទៅតាមតំបន់ផងដែរ៕
អត្ថបទ៖ ផល កុសល រូបភាព៖ ARDB