រូបភាពថ្ងៃ ៩ ខែតុលា ដែលបង្ហាញពីសកម្មភាពបេក្ខជនមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងសរសៃខ្ចី ធ្វើឲ្យផ្ទុះការកោតសរសើរពេញបណ្ដាញសង្គម ព្រោះអ្នកនាងមិនបានបោះបង់ការសិក្សាឡើយ។
ស្រ្តីពរកូនតូចប្រហែល ៣-៤ ខែ មានឈ្មោះ គ្រៃ លាង អាយុ ២០ ឆ្នាំ បានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៩ ខែតុលា នៅមណ្ឌល អនុវិទ្យាល័យធ្លកអណ្ដូង ដែលនេះសបញ្ជាក់ពីការតស៊ូស្វែងរកចំណេះដឹង។
ទឹកចិត្តជាម្ដាយ ទោះរវល់យ៉ាងណា ក៏ត្រូវតែលួង និងបំបៅដោះកូនសិនដែរ បើទោះជាត្រូវបំពេញភារកិច្ចធំនៅចំពោះមុខ ក៏គិតពីកូនជារឿងសំខាន់ទី១ ត្រូវធ្វើមុនគេផងដែរ។
អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានជូនពរបេក្ខជនរូបនេះឲ្យប្រឡងជាប់ លើកឡើងពីថា បេក្ខជន គ្រៃ លាង ទោះក្លាយជាម្តាយ មិនមែនជារឿងត្រូវបញ្ចប់ក្ដីស្រមៃទេ និងនៅតែអាចបន្តក្ដីស្រមៃរបស់ខ្លួន ដើម្បីសម្រេចដល់គោលដៅ។
អ្នកលេងហ្វេសប៊ុកបាននិយាយដូចៗគ្នាថា ចំណេះវិជ្ជានឹងជួយឲ្យបេក្ខជនបានសម្រេចដល់គោលដៅដែលនាងប្រាថ្នា ស៊ូលំបាកបន្តិចនៅពេលនេះ អនាគតនឹងប្រសើរជាងពេលនេះជាក់ជាមិនខាន៕