ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចចិន ទំនងធ្លាក់ចុះកាន់តែខ្លាំងនាឆ្នាំក្រោយ

ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចចិន ទំនងធ្លាក់ចុះកាន់តែខ្លាំងនាឆ្នាំក្រោយ

ធនាគារពិភពលោកបានព្យាករថា កំណើនសេដ្ឋកិច្ចចិននៅក្នុងឆ្នាំ២០២៥ ទំនងមានការធ្លាក់ចុះកាន់តែខ្លាំង បើទោះជាបច្ចុប្បន្នកំពុងមានកំណែទម្រង់ ស្ដារសេដ្ឋកិច្ចជាបន្តបន្ទាប់ក្ដី។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Bloomberg។

តាមដានជាមួយយើង៖ Million Times

ថ្លែងនៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពាក់កណ្តាលឆ្នាំ ធនាគារពិភពលោកបានអះអាងថា កំណើនសេដ្ឋកិច្ចចិននឹងបន្តធ្លាក់ពី ៤,៨% នៅឆ្នាំ២០២៤ មកនៅត្រឹម ៤,៣% នាឆ្នាំក្រោយ ស្របពេលបណ្ដាប្រទេសនៅអាស៊ីខាងកើតមួយចំនួនដូចជា ឥណ្ឌូណេស៊ី អូស្ត្រាលី និងកូរ៉េខាងត្បូង ក៏នឹងជួបនូវការថយចុះកំណើនសេដ្ឋកិច្ចដូចគ្នា។

លទ្ធភាពនៃការថយចុះនៃកំណើនសេដ្ឋកិច្ចចិន គឺបណ្ដាលមកពីគំនាបទណ្ឌកម្មសេដ្ឋកិច្ច ដែលមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២លើលោក ទទួលរងពីលោកខាងលិច និងសហភាពអឺរ៉ុប ទាក់ទងនឹងការនាំចេញរថយន្តអគ្គិសនី និងផលិតផលបច្ចេកវិទ្យាមួយចំនួន ដូចជាបន្ទះឈីបជាដើម។

គួររំលឹកបន្តិចថា រដ្ឋាភិបាលចិនបានបញ្ចេញនូវយុទ្ធនាការស្ដារសេដ្ឋកិច្ចជាតិជាច្រើន ដូចជាការបន្ធូរបន្ថយពន្ធ និងការលើកទឹកចិត្តវិនិយោគិនបរទេសជាដើម ក៏ប៉ុន្តែយុទ្ធសាស្ត្រអស់ទាំងនេះ ត្រូវបានធនាគារពិភពលោកបញ្ជាក់ថា វាមានផលចំណេញត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ហើយបើចង់បានផលចំណេញរយៈពេលយូរ ត្រូវការរៀបចំរចនាសម្ព័ន្ធឲ្យកាន់តែស៊ីជម្រៅជាងនេះបន្ថែមទៀត៕