ក្នុងប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅវិមាន Grand Palais នាទីទីក្រុងប៉ារីស ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្រកាសជាផ្លូវការនូវការផ្តល់សិទ្ធិជូនកម្ពុជា។ ជាមួយការប្រកាសនេះ ក៏មានការទះដៃអបអរសាទរយ៉ាងកងរំពងពីបណ្ដាប្រមុខរដ្ឋ និងរដ្ឋាភិបាល ដែលចូលរួមក្នុងកិច្ចប្រជុំនោះ។
តាមរយៈសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ជាផ្លូវការថា កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។
ក្នុងឱកាសយាងថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ មានព្រះរាជកិត្តិយសទទួលឱ្យប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។
បើតាមក្រសួងការបរទេស ក្នុងភាពស្ងៀមស្ងាត់ដ៏អស្ចារ្យ និងក្រោមក្រសែភ្នែកកោតសសើររបស់អង្គប្រជុំទាំងមូល ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងព្រះរាជសុន្ទរកថាដ៏ឱឡារិក ហើយមានព្រះរាជបន្ទូលថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសសមាជិកទាំងអស់ ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា។
ព្រះអង្គក៏មានព្រះរាជបន្ទូលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុង នាមជាប្រទេសម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឱ្យក្លាយជាឱកាសដ៏ ពិសេសមួយសម្រាប់ការចែករំលែក និងការប្រារព្ធពិធីមួយដ៏សប្បាយរីករាយ។
សូមបញ្ជាក់ថា អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅកាត់ថាហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើង នៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយមានស្ថាបនិកដូចជា ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ លោក Léopold Sédar Senghor (អតីតប្រធានាធិបតីសេណេហ្កាល់), លោក Habib Bourguiba (អតីតប្រធានាធិបតីទុយនីស៊ី), លោក Hamani Diori (អតីតប្រធានាធិបតីនីហ្សេ) ជាដើម។
អង្គការហ្វ្រង់កូហ្វូនី មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស ហើយមានសមាជិក ៨៤ប្រទេស ក្នុងនោះមាន សមា ជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកមិនពេញសិទ្ធិ៤ ព្រមទាំងសមាជិកជារដ្ឋសង្កេតការណ៍ ២៦ប្រទេស៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ទទក