សេដ្ឋីនី ម៉ៅ ចំណាន បង្ហើបថា កូនប្រុស គិត ស៊ូឡា ត្រៀមខ្លួនប្រឡូកក្នុងសង្គមយ៉ាងពិតប្រាកដហើយ

សេដ្ឋីនី ម៉ៅ ចំណាន បង្ហើបថា កូនប្រុស គិត ស៊ូឡា ត្រៀមខ្លួនប្រឡូកក្នុងសង្គមយ៉ាងពិតប្រាកដហើយ

តាមរយៈបណ្តាញសង្គមមហាសេដ្ឋីប្តីប្រពន្ធមួយគូនេះ ចេញសារអបអរសាទរព្រមៗគ្នាចំពោះកូនប្រុសច្បងរបស់ខ្លួន គឺសេដ្ឋី គិត ស៊ូឡា ទទួលសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់ទី១២ នៅប្រទេសសិង្ហបុរីនាពេលថ្មីៗនេះ។

មិនខុសពីសេដ្ឋី គិត ម៉េង ជាឱពុក ក្នុងនាមជាម្តាយសេដ្ឋីនី ម៉ៅ ចំណាន បានបង្ហាញនូវអារម្មណ៍ពិតជារំភើប និងមានមោទនភាពពេញបេះដូងរកអ្វីប្រៀបផ្ទឹមពុំបានឡើយ នៅពេលឃើញ ស៊ូឡា កូនប្រុសចាប់ផ្ដើមបោះជំហានថ្មីក្នុងឆាកជីវិត។

តាមដានជាមួយយើង៖ Million Times

លោកស្រីថ្លែងថា ម៉ាក់បានគិតក្នុងចិត្តថា “ស្ទើរតែមិនជឿថាកូនប្រុសតូចដែលម៉ាក់ធ្លាប់បីនៅក្នុងដៃថ្ងៃមុនសោះ ពេលនេះកំពុងឈរស្ថិតនៅចំពោះមុខម៉ាក់ក្នុងឈុតឯកសណ្ឋានទទួលសញ្ញាបត្របញ្ចប់ការសិក្សាកម្រិតទុតិយភូមិ ត្រៀមខ្លួនប្រឡូកក្នុងសង្គមយ៉ាងពិតប្រាកដ”។

ជាមួយគ្នានេះ លោកស្រីក៏បង្ហាញអារម្មណ៍ចំពោះកូនទម្រាំយុវជនមានងារឧកញ៉ា គិត ស៊ូឡា ឈានមកដល់ចំណុចនេះមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែបានបង្ហាញពីភាពរឹងមាំ និងការលះបង់ខ្ពស់ ថាយុវជនរូបនេះពិតជាអាចធ្វើបាន។

លោកស្រីថ្លែងបន្តថា តាំងពីតូចមក កូនគឺជាអំណោយដ៏មានតម្លៃសម្រាប់គ្រួសារយើង ហើយកូនតែងធ្វើឱ្យប៉ាម៉ាក់មានមោទនភាពចំពោះកូនជានិច្ច។ កូនធ្លាប់តែជាក្មេងតូចដែលតែងត្រូវការឱ្យម៉ាក់ និងប៉ាកាន់ដៃគ្រប់ជំហាន ប៉ុន្តែពេលនេះឃើញកូនធំពេញវ័យក្លាយជាបុគ្គលដ៏អង់អាចដូចថ្ងៃនេះ ធ្វើឱ្យម៉ាក់កាន់តែមានទំនុកចិត្តខ្ពស់ចំពោះកូនទៅថ្ងៃមុខថែមទៀត។

លោកស្រីក៏សង្ឃឹមថានឹងបានមើលឃើញកូនប្រុសរបស់លោកស្រីសម្រេចបាននូវជោគជ័យកាន់តែអស្ចារ្យនាពេលអនាគតជាក់ជាមិនខាន។ លោកស្រីបន្ថែមថា សមិទ្ធផលថ្ងៃនេះ ជាសក្ខីភាពដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់កូន។ ប៉ាម៉ាក់ នឹងនៅតែបន្តស្ថិតនៅជាមួយកូន នៅចាំជួយតម្រង់ទិសបង្ហាញផ្លូវ និងគាំទ្រកូនជានិច្ចសម្រាប់ការចាប់ផ្ដើមដំណើរជីវិតថ្មីទៅថ្ងៃមុខ៕

អត្ថបទ៖ សេដ្ឋី រូបភាព៖ ហ្វេសប៊ុកលោកស្រី ម៉ៅ ចំណាន