កូនប្រុសរបស់មហាសេដ្ឋីហុងកុង Eric Hotung គឺលោក Anthony Hotung ត្រូវបានចោទប្រកាន់ពីបទមិនបង់ថ្លៃការប្រាក់ដោយក្រុមហ៊ុនច្បាប់ដែលតំណាងឱ្យលោកក្នុងជម្លោះផ្លូវច្បាប់រយៈពេលពីរទសវត្សរ៍ដែលពាក់ព័ន្ធនឹងគ្រួសារ។
សារព័ត៌មាន South China Morning Post បានចុះផ្សាយថា ក្រុមហ៊ុនច្បាប់ហុងកុងមួយបានចោទប្រកាន់លោក Anthony Hotung កូនប្រុសរបស់មហាសេដ្ឋី Eric Hotung ពីការខកខានមិនបានបង់ប្រាក់លើសពី ៨លានដុល្លារហុងកុង ស្មើ ១លានដុល្លារអាមេរិក សម្រាប់ថ្លៃសេវាផ្លូវច្បាប់ និងការប្រាក់ដែលមិនទាន់មាន។
Anthony Hotung កំពុងត្រូវបានប្តឹងដោយក្រុមហ៊ុន Oldham, Li & Nie Solicitors ជាង ៤.៤ លានដុល្លារហុងកុងក្នុងថ្លៃសេវាផ្លូវច្បាប់ដែលមិនបានបង់ដែលប្រមូលពីឆ្នាំ២០១៩ ដល់២០២៣។ ក្រុមហ៊ុនច្បាប់បានតំណាងឱ្យលោក Anthony នៅក្នុងជម្លោះផ្លូវច្បាប់រយៈពេលពីរទសវត្សរ៍ដែលពាក់ព័ន្ធនឹងគ្រួសារ។
នៅក្នុងសារលិខិតមួយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងតុលាការជាន់ខ្ពស់នាថ្ងៃច័ន្ទនេះ ដើមចោទបានចោទប្រកាន់លោក Anthony Hotung ពីការខកខានក្នុងការឆ្លើយតបទៅកាន់ពួកគេ និងទូទាត់វិក្កយបត្រដែលនៅសេសសល់ ខណៈកិច្ចសន្យាបានបញ្ចប់នៅខែតុលា ឆ្នាំ២០២៣។ ក្រុមហ៊ុនច្បាប់ក៏កំពុងស្វែងរកការប្រាក់ចំនួន ៣.៩ លានដុល្លារហុងកុង ពីចំនួនដែលមិនទាន់បានបង់។
គួររំលឹកថា នៅខែមិថុនា ឆ្នាំ២០០៦ លោក Anthony Hotung បាននាំឪពុករបស់លោកឈ្មោះ Eric និងស្ត្រីអ្នកជំនួញ Winnie Ho Yuen-ki ប្អូនស្រីរបស់ឧកញ៉ាហ្គេម Stanley Ho Hung-sun ទៅតុលាការជុំវិញការចោទប្រកាន់អំពីការរំលោភលើតួនាទីជាអ្នកធានា និងភាពមិនប្រក្រតីក្នុងការគ្រប់គ្រងក្រុមហ៊ុន Hotung Investment ។ ចុងចោទទាំងពីរជាបងប្អូនជីដូនមួយ ប៉ុន្តែក៏ជាគូស្នេហ៍លួចលាក់ផងដែរ។ ជីតារបស់ Winnie គឺ Ho Fook ប្អូនប្រុសរបស់មហាសេដ្ឋីដ៏មានឥទ្ធិពល Robert Hotung ដែលជាជីតារបស់ Eric ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Felix Wong