នៅព្រឹកថ្ងៃអាទិត្យនេះ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្ដេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខដល់កុមារី យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលសម្តេចទាំងទ្វេក៏បានរៀបចំអាហារថ្ងៃត្រង់មួយពេល និងសម្ដេចទាំងទ្វេក៏បានពិសាបាយនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) មួយពេលផងដែរ។
នៅថ្ងៃនេះសម្តេច ហ៊ុន សែន បានដាក់ចេញជាកាតព្វកិច្ចតែម្ដង សម្រាប់មជ្ឈមណ្ឌលនេះ ទាក់ទងទៅនឹងការអប់រំនៅទីនេះ គឺត្រូវតែទទួលការបណ្ដុះបណ្ដាលការអប់រំឲ្យបានត្រឹមត្រូវ យ៉ាងហោចណាស់ត្រឹមបរិញ្ញាបត្ររង។ សម្តេចថ្លែងបញ្ជាក់ថា៖ «ចៅៗណាដែរប្រឡងមិនជាប់បាក់ឌុប ត្រូវតែបន្តរៀននៅថ្នាក់បរិញ្ញាប័ត្ររង ហើយបន្ទាប់មកត្រូវបន្តឡើងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់បន្តទៀត ពីព្រោះសម្ដេចមិនចង់ឲ្យកូនៗ ចៅៗ ជួបជីវិតអភ័ព្វហើយ ខ្វះចំណេះដឹងទៀតនោះទេ»។
ជាថ្មីម្ដងទៀត នៅក្នុងឱកាសនេះ សម្ដេចប្រធានព្រឹទ្ធសភា នៅតែទទូចអង្វរករដល់ជនដែលប្រព្រឹត្តអំពើអាណាចារ្យមកលើក្មេងស្រី សូមមេត្តាបញ្ឈប់ជាបន្ទាន់ ព្រោះវាជាទង្វើអាក្រក់ដ៏ជូជាតិបំផុត ដែលសង្គមមិនអាចទទួលយកបាននោះទេ។
បន្ថែមពីលើនេះ សម្ដេចក៏បានឱ្យអ្នកគ្រប់គ្រងមជ្ឈមណ្ឌលនេះ តាមដានពិនិត្យមើលនៅពេលកូនៗ ចៅៗ ពេលមានគ្រួសារ ហើយត្រូវបានគ្រួសារយកចេញពីមជ្ឈមណ្ឌល គឺមិនត្រូវឱ្យមានការរំលោភបំពាន ដោយអំពើហិង្សានិងការធ្វើបាបដោយប្រការអ្វីមួយនោះទេ ពីព្រោះពួកគាត់អភ័ព្វពីតូចទៅហើយ មិនត្រូវអោយពួកគាត់អភ័ព្វទៀតទេពេលដែលមានគ្រួសារនោះ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ