ក្រសួងអប់រំបន្តរិតបណ្តឹងការប្រឡងបាក់ឌុបដូចឆ្នាំមុនៗដដែល

លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួល បានលទ្ធផលល្អក្នុងការប្រឡងនាពេលខាងមុខនេះ។

ក្នុងសន្និសីទសារព័ត៌មានពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី៨ តុលា ២០២៤ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញានេះ ហង់ជួន ណារ៉ុន បានឱ្យស្នើដល់ឪពុកម្តាយ អ្នកអាណាព្យាបាលជួយគាំទ្រជំរុញកូនៗឱ្យរៀនសូត្រឱ្យបានខ្ជាប់ខ្ជួន និងថ្លែងអំណរគុណដល់ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងសហការគ្នាបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំដំណើរការប្រឡងតាំងពីចាប់ផ្ដើមរហូតមកដល់ពេលនេះ និងស្នើឱ្យបន្តប្រឹងប្រែងបន្ថែមទៀតដើម្បីឈានទៅសម្រេចបេសកកម្មរួមរបស់យើងដោយជោគជ័យ ឆ្ពោះទៅលើកម្ពស់វិស័យអប់រំ និងមូលធនមនុស្សនៅកម្ពុជា។

ជាមួយគ្នានេះ ក្រសួងអប់រំយុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ដើម្បីរក្សាឱ្យបាននៅសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ អ្នកចេះគឺជាប់។

លោកថ្លែងថា៖ «សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវ គោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជន នឹងត្រូវបានកំណត់ឱ្យ ធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ»។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧០៨០នាក់(ស្រីចំនួន៧៤៨៨២នាក់ ) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រចំនួន៣៩៣៥៨នាក់ និងថ្នាក់សង្គមចំនួន៩៧៦៨២នាក់៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងអប់រំ