ជម្លោះ ឌួង ឆាយ និងអតីតភរិយា បន្តរ៉ាំរ៉ៃ រាប់ឆ្នាំទោះជាលែងលះគ្នាដាច់ស្រេច

កាល​ពី​ម្សិលមិញ​នេះ ជម្លោះ​រវាង​លោក ឌួង ឆាយ និង​អ្នកនាង ដេត ម៉ាលីណា ​បាន​កើត​ឡើង​កក្រើក​យ៉ាងខ្លាំង​ម្ដង​ទៀត​ហើយ ក្រោយ​ពី​មាន​ការ​ឡាយ​ផ្ទាល់​នៅ​លើ​បណ្ដាញ​សង្គម Facebook ពី​ភាគី​ខាង​អតីត​ភរិយា​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

ម្សិលមិញ​អ្នក​ជំនួញ​អនឡាញ​វ័យ​ក្មេង និង​ជោគជ័យ ដេត ម៉ាលីណា ​បាន​អះអាង​ថា​ទៅ​មើល​កូន​ដែល​ខាន​ជួប​មុខ​គ្នា​ជាង ១ ឆ្នាំ​មក​​ហើយ ដោយ​រួម​ដំណើរ​ជាមួយ​​​បង​ប្រុស​បង្កើត និង​អង្គរក្ស​របស់​អ្នកនាង។ ​តែ​ចុង​បញ្ចប់​នាង​មិន​បាន​ជួប​ជាមួយ​កូន​ផ្ទាល់​នោះ​ទេ ​ដោយសារ​តែ​មាន​ការ​រារាំង​ពី​សំណាក់​លោក ឌួង ឆាយ ​និង​អង្គរក្ស​របស់​លោក​នៅ​ក្នុង​បុរី​ផ្ទាល់​តែ​ម្ដង។ រហូត​ដល់​ចុង​បញ្ចប់​ក៏​ចង់​ណាត់​គ្នា​ទៅ​ប៉ុស្ដិ​ប៉ូលិស​ផង​ដែរ។

យ៉ាងណាមិញ​នៅ​ថ្ងៃ​នេះ ​លោក ឌួង ឆាយ ​បាន​ចេញ​មក​បក​ស្រាយ​វិញ​ផង​ដែរ។ ​លោក​អះអាង​ថា​ដំបូង​ឡើយ​បាន​យល់​ព្រម​ឱ្យ​ម្ដាយ​ទៅ​ជួប​មុខ​កូន​ទេ ប៉ុន្តែ​ត្រូវ​មាន​ការ​សុំ​ឱ្យ​បាន​ស្រួល​បួល ​និង​ចូល​ទៅ​តែ​ម្នាក់ ​ឬ​ពីរ​នាក់​កូន​ប្រុស​បាន​ហើយ​ មិន​ចាំ​បាច់​មាន​អង្គរក្ស​ ២ ​នាក់​ទៀត​ចូល​ទេ។ តែ​ចុង​បញ្ចប់ ​អ្នក​នាង ដេត ម៉ាលីណា ​មិន​ព្រម​នោះ​ទេ​ទើប​បណ្ដាល​ឱ្យ​មាន​ការ​ទាស់​ពាក្យ​សម្ដី​គ្នា ​និង​ឡាយ​លើ​បណ្ដាញ​សង្គម Facebook ​តែ​ម្ដង។

​យ៉ាងណាមិញ ​លោក ឌួង ឆាយ ​ក៏​បាន​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​ទៀត​ថា​លោក​នឹង​មិន​ប្ដឹង​ទៅ​អតីត​ភរិយា​ទេ ប្រសិន​បើ​នាង​យល់​ព្រម​លុប​វីដេអូ​ឡាយ​ម្សិលមិញ​ចេញ និង​មក​ជួប​កូន​ៗ​នៅ​ផ្ទះ​ខ្ញុំ​ដោយ​សន្តិវិធី​ដោយ​មាន​អាជ្ញាធរ​ចូលរួម​ជាមួយ។

រឿងរ៉ាវ​មួយ​នេះ បើ​ទោះ​ជា​មាន​សាលក្រម​ពី​ស្ថាប័ន​តុលាការ​ហើយ​ក៏​ដោយ តែ​ជម្លោះ​គ្រួសារ ២ នេះ​មិន​បាន​បញ្ចប់​ឡើយ នៅតែ​មាន​កក្រើក​ឡើង​ពេញ​បណ្ដាញ​សង្គម​ជា​ហូរហែ។ បញ្ហា​ជម្លោះ​រ៉ាំរ៉ៃ​មួយ​នេះ កើត​ឡើង​ជាង ៤​ឆ្នាំ មក​ហើយ ដោយ​ភាគច្រើន​អ្នក​តាមដាន​កាន់ជើង​ខាង​អ្នក​ជំនួញ​អនឡាញ​ហាយសូ ដ៏​ស្រស់​ស្អាត ដេត ម៉ាលីណា៕