ធនាគារពិភពលោក ទម្លាក់កញ្ចប់លុយ ៨០លានដុល្លារឲ្យកម្ពុជាបណ្តុះបណ្តាលជំនាញវិទ្យាសាស្រ្ត

ធនាគារពិភពលោក ទម្លាក់កញ្ចប់លុយ ៨០លានដុល្លារឲ្យកម្ពុជាបណ្តុះបណ្តាលជំនាញវិទ្យាសាស្រ្ត

ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ពិភព​លោក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បាន​អនុម័ត​ផ្តល់ហិរ​ញ្ញប្ប​ទាន​ចំនួន ៨០លានដុល្លារអាមេរិក សម្រាប់​​ជួយ​​ដល់​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​​ការ​លើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅ​កម្រិត​ឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្ត្រ បច្ចេក​វិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬ (STEM)។

មូល​និធិ​សម្រាប់​គម្រោង​នេះ​បាន​ម​កពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជាអង្គភាព​ផ្តល់​ប្រាក់​កម្ចី​សម្ប​ទាន​របស់​ធនា​គារ​ពិភព​លោក សម្រាប់បណ្តា​ប្រទេសមានចំណូលទាប។

តាមដានជាមួយយើង៖ Million Times

បើតាមសេចក្តីប្រកាសព័ត៌មានធនាគារពិភពលោក គម្រោងដែលមាន​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ​នេះ​នឹង​គាំ​ទ្រ​ដល់​កិច្ចប្រឹង​ប្រែង​របស់​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ចំនួន​ប្រាំបួន ក្នុង​ការ​បណ្តុះ​បណ្តាល​និស្សិតឱ្យ​រៀនចប់ប្រកបដោយសមត្ថភាព និងក្នុង​ការ​​ផលិតការ​​ស្រាវជ្រាវ​នានា សម្រាប់​រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។

តាម​ការ​រំពឹង​ទុក និស្សិតប្រហែល​ ៣២ ០០០នាក់ ក្នុងនោះនិស្សិត​​នារី​ប្រហែល ១៣ ០០០ នាក់ នឹងទទួលអត្ថប្រយោជន៍ពីការ​អនុវត្ត​សកម្មភាពនានា​របស់កម្មវិធី ដែល​រួមមាន ការអាប់ដេតកម្មវិធីសិក្សា ការ​បណ្តុះបណ្តាលគ្រូ​ឧទ្ទេស និងការធ្វើឌីជីថលកម្ម​នៃយន្ត​ការផ្តល់ការសិក្សា​អប់រំ។

លោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​​ថា៖ «ការចូលរួមការវិនិយោគលើសុខភាព និងការអប់រំមូលដ្ឋានដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងកម្លាំងពលកម្មប្រកបដោយផលិតភាព ការពង្រឹងគុណភាពអប់រំកម្រិតឧត្តម និង​ការរៀបចំបណ្តុះបណ្តាលឱ្យ​បាន​ច្រើន​នូវ​និស្សិត​បញ្ចប់ការសិក្សាដែលមានជំនាញ​ខ្ពស់ នឹងអាច​ជួយ​កម្ពុជា​ក្នុង​ការបង្កើន​ភាព​ជឿនលឿននៃ​ធន​ធាន​មនុស្សសម្រាប់កំណើតនិងការអភិវឌ្ឍប្រកបដោយបរិយាបន្ន»។

ធនាគារពិភពលោកបញ្ជាក់ថា គម្រោង​នេះ​ជា​កិច្ច​បន្ត​ពី​វឌ្ឍនភាព​យ៉ាង​ច្រើន​ដែលក្រសួង​អប់​រំ យុវជន និងកីឡា សម្រេច​បាន​កន្លង​មក​ ក្នុង​ការ​កសាង​សមត្ថ​ភាព​របស់​​ប្រទេសកម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ទីផ្សារ​ការងារ នៅ​ក្នុងបរិបទ​បច្ចុ​ប្បន្ន​ដែល​មាន​ការ​វិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម