ព្រះមហាក្សត្រ យាងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ តម្លៃ ២.២៣៨.៨៤៧ដុល្លារ

នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រ ស្ដេចយាងព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។ 

ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលចាត់ទុក វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឱ្យនិមិត្តរូបនីតិរដ្ឋ ដែលមានរដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយ នៅព្រះរាជាណាចក្រកម្ពុជាយើង។

តាមដានជាមួយយើង៖ Million Times

ព្រះអង្គមានព្រះរាជបន្ទូលថា កាលពីឆ្នាំ២០២៣កន្លងទៅ ព្រះរាជាណាចក្រកម្ពុជានៃយើង បានប្រារព្ធពិធីអបអរសាទរខួប៣០ឆ្នាំ ដ៏អធិកអធមជាប្រវត្តិសាស្ត្រ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ហើយនៅថ្ងៃនេះត្រូវជាខួប ៣១ឆ្នាំ ដែលប្រជាជាតិយើងកំពុងប្រារព្ធព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលជាការបង្ហាញឱ្យឃើញថាប្រជាជាតិខ្មែរមានឆន្ទៈគោរព ការពារ លើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិយើង។

ផ្អែកតាមខ្លឹមសារនៃរបាយការណ៍របស់កិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ យើងអាចសន្និដ្ឋានបានថា វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឱ្យនិមិត្តរូបនីតិរដ្ឋ ដែលមានរដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយ នៅព្រះរាជាណាចក្រកម្ពុជាយើង។

សូមជម្រាបថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ក្នុងតំណែងជានាយករដ្ឋមន្ត្រី បានឯកភាពលើគំនូសប្លង់ និងបានអនុញ្ញាតឱ្យសាងសង់វិមានរដ្ឋធម្មនុញ្ញ ដោយប្រើប្រាស់ថវិកាជាតិសរុបចំនួន ២.២៣៨.៨៤៧ ដុល្លារអាមេរិក។

ពិធីក្រុងពាលីបញ្ចុះបឋមសិលា ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ជាមង្គលបឋមកិច្ចនៃការកសាងវិមានរដ្ឋធម្មនុញ្ញ។ វិមានរដ្ឋធម្មនុញ្ញ មានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលត្រីសូល៍សរុប ២៣,៤ម៉ែត្រ និងមានទម្ងន់សរុបប្រមាណ ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២៣៨០ម៉ែត្រក្រឡា សង់បែរមុខទៅទិសខាងកើត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី