លើកដំបូងសហរដ្ឋអាម៉េរិក និងកម្ពុជា ចាប់ផ្តើមជួបជុំនូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋ និងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ កិច្ចជំនួបថែទាំវិនិយោគិនអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញាម្សិលមិញ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។
កិច្ចសន្ទនារវាងរដ្ឋ និងឯកជន កម្ពុជា-អាម៉េរិក លើកទី១នេះបានក្លាយជារបៀបវារៈថ្មីនៃកិច្ចសន្ទនាផ្លូវការដើម្បីស្ដាប់ និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក អនុវត្តក្រោមស្មារតីសហការ និងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា និងអាម៉េរិក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា យន្តការថែទាំវិនិយោគបានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមានស្រាប់ និងវិនិយោគិនថ្មីៗ តាមរយៈបង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋ និងឯកជនទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា អនុវត្តស្របតាមកម្មវីធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា។
លោក ស៊ុន ចាន់ថុល បានអំពាវនាវឱ្យវិស័យឯកជនរបស់សហរដ្ឋអាម៉េរិក តាមរយៈស្ថានទូត និងសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លើកឡើងអំពីបញ្ហាប្រឈមនានារបស់ខ្លួន ដើម្បីធានាស្វែងរកដំណោះស្រាយសមស្រមពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកថា ការរៀបចំកិច្ចសន្ទនានេះ គឺស្របតាមចក្ខុវិស័យរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មប្រភពវិនិយោគ ពិសេសពីសហរដ្ឋអាម៉េរិកបន្ថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រី រំពឹងថានឹងទទួលបានសញ្ញាណល្អពីវិនិយោគិនអាម៉េរិក ក្នុងអំឡុងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាម៉េរិកប្រមាណ២សប្ដាហ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ។
លោកស្រីភារធារី បានលើកឡើងថា សហរដ្ឋអាម៉េរិក នឹងបន្តខិតខំធ្វើការរួមគ្នា ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងក្របខណ្ឌការវិនិយោគ សហរដ្ឋអាម៉េរិកបានមើលឃើញអំពីការចូលរួមរបស់ក្រុមហ៊ុនឯកជនអាម៉េរិកដែលបានវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ហើយលោកស្រីជឿជាក់ថា វត្តមាននិងប្រតិបត្តិការក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិកកាន់តែច្រើន នឹងចូលរួមបានកាន់តែប្រសើរក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច។
លោកស្រីភារធារីបង្ហាញសុទិដ្ឋិនិយមខ្ពស់នូវកិច្ចខិតខំរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន និងបេសកកម្មការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅសហរដ្ឋអាម៉េរិកនាសប្ដាហ៍ក្រោយនេះ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ CDC