ណែនាំសៀវភៅដំណើររឿងជីវិតកូនកសិករតស៊ូក្នុងមាគ៌ាអចលនទ្រព្យទទួលបានជោគជ័យ

ណែនាំសៀវភៅដំណើររឿងជីវិតកូនកសិករតស៊ូក្នុងមាគ៌ាអចលនទ្រព្យទទួលបានជោគជ័យ

វិស័យអចលនទ្រព្យនៅលើពិភពលោកនិយាយដោយឡែក និយាយជារួមក្នុងប្រទេសកម្ពុជាបានបង្កើតឪកាសឲ្យបុគ្គលអ្នកប្រឡូកចូលកាន់អាជីពលើវិថីមួយនេះទទួលបានជោគជ័យបង្កើតទ្រព្យយ៉ាងឆាប់រហ័ស ហើយរហូតបុគ្គលមានចំនួនក៏ទទួលបានគោរមងារលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ខណៈបុគ្គលដទៃទៀតក៏បានរស់នៅក្នុងជីវិតស៊ីវិល័យទាន់សម័យមានអ្វីគ្រប់បែបយ៉ាងក្នុងសង្គមរាប់ចាប់ពីភូមិគ្រឹះ ឡានទំនើបប្រណិត ដើរលេងក្រៅប្រទេស និងសម្ភារសំខាន់ជាច្រើនទៀត ពិសេសពួកគេទាំងនោះបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលទាំងកិច្ចការសង្គមកិច្ច និងសុខាភិបាល។

ជាក់ស្តែង កូនអ្នកកសិករម្នាក់មកពីស្រុកត្បូងឃ្មុំ បានឈានជើងចូលក្នុងវិថីអចលនទ្រព្យត្រឹមរយៈពេលខ្លីប៉ុណ្ណោះទទួលបានជោគជ័យទាំងជីវិតនៅវ័យក្មេង។ កូនកសិកររូបនោះគឺគ្មាននរណាក្រៅពីអ្នកឧកញ៉ា សំ សុខនឿន ឡើយដែលបានប្រែក្លាយជីវិតនៅផ្ទះជួលមកជាអ្នកវិនិយោគអចលនទ្រព្យដ៏លេចធ្លោមួយរូបក្នុងប្រទេសកម្ពុជា។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ា សំ សុខនឿន ចាប់ដៃគោរពស្វាគមន៍វត្តមានសម្តេច ហ៊ុន ម៉ាណែត នៅប្រទេសសិង្ហបុរី ក្នុងពេលអមដំណើរគោះទ្វារវិនិយោគនាពេលកន្លងទៅ

យ៉ាងណា មុនទទួលកាកកបក្នុងវិថីអចលនទ្រព្យលោកទទួលបានការអប់រំយ៉ាងពេញលេញចាប់ពីថ្នាក់វិទ្យាល័យរហូតដល់ថ្នាក់បណ្ឌិតនៅបរទេសលើជំនាញគ្រប់គ្រងពាណិជ្ជកម្ម។ អ្នកឧកញ៉ា សុខនឿន ហៅ SAM បានបោះជំហានដោយភាពជឿជាក់ និងទំនុកចិត្តខ្ពស់ក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមជាអ្នកភ្នាក់ងារលក់ វិវត្តន៍មកជាអ្នកវាយតម្លៃទិញលក់អចលនទ្រព្យ និងបច្ចុប្បន្នជាអ្នកវិនិយោគ ជាម្ចាស់សាជីវកម្មពហុវិស័យ សេម អេសអិន គ្រុប (SAM SN Group)។

ដើម្បីចែករំលែករាល់បទពិសោធន៍ ចំណេះ ជំនាញ ក្បួន និងសិល្បៈដើរលើវិស័យអចលនទ្រព្យអស់រយៈពេល ១០ឆ្នាំជាងមកនេះដល់អ្នកដែលមានចំណាប់អារម្មណ៍ចង់ប្រែក្លាយជីវិតជោគជ័យក្នុងវិថីអចលនទ្រព្យ អ្នកឧកញ៉ា សំ សុខនឿន ឆ្លៀតពេលមមាញឹកដ៏មានតម្លៃរបស់ខ្លួនដែលកំពុងដឹកនាំសាជីវកម្ម និងកិច្ចការពាណិជ្ជកម្មជាច្រើនមុខទៀត ចម្រាញ់មាគ៌ាជោគជ័យរបស់លោកចេញជាសំណៅឯកសារគ្រឹះបំណិនជីវិតក្នុងមាគ៌ាអចលនទ្រព្យ។

ថ្លែងប្រាប់គេហទំព័រមីលានថាមស៍ (Million Times) អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានឲ្យដឹងថា សំណៅឯកសារដែលជាដំណើររឿងដ៏ចាប់អារម្មណ៍របស់លោកក្នុងមាគ៌ាអចលនទ្រព្យ គឺជាវណ្ណកម្មថ្មីបរិយាយអំពីថាមពលជីវិត បទពិសោធ ការតស៊ូក្រាញននាលទម្រាំស្វែងរកគោលដៅជីវិតឃើញ សម្របខ្លួនក្នុងបរិយាយកាសដ៏ក្តៅគគុកលើសង្វៀនក្នុងនាមជាយុវជន អ្នកលក់ ភ្នាក់ងារ អ្នកវាយតម្លៃទិញលក់ និងអ្នកវិនិយោគជាដើម រហូតបង្កើតឪកាសឲ្យលោកឈានមកដល់ចំណុចកំពូលមួយក្នុងពិភពជំនួញនៅប្រទេសកម្ពុជា។

អ្នកឧកញ៉ាថ្លែងថា៖ ឯកសារបំណិតជីវិតដែលត្រៀមសម្ពោធជាផ្លូវការនាពេលខាងមុខ ខ្ញុំប្រសិទ្ធនាមថា «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ដើម្បី​​ចែក​រំលែក​ឱ្យ​សាធារណៈជន​​​បាន​សិក្សា​ស្វែង​យល់​ជា​ប្រយោជន៍។

អ្នកឧកញ៉ាបន្តថា ខ្លឹមសារសៀវភៅខ្ញុំបានរៀបរាប់ទាំងស្រុងពីដំណើរឿងពិតនៃជីវិត ការតស៊ូ ភាពក្លាហាន ការជឿជាក់ ភាពស្មោះត្រង់ ការកសាងសមត្ថភាព គន្លឹះដឹកនាំអាជីវកម្ម និងប្រមូលផ្តុំទស្សនៈផ្នត់​គំនិតវិជ្ជមាន ពិសេស យុទ្ធសាស្ត្រក្នុងការធ្វើជំនួញលើវិស័យអចលនទ្រព្យតែម្តង ដែលជាវិស័យធ្វើឲ្យលោកមានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។

បើតាមអ្នកឧកញ៉ាម្ចាស់វណ្ណកម្មស្នាដៃ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ត្រៀមសម្ពោធនាពេលដ៏ខ្លីខាងមុខ ហើយសម្រាប់សាធារណជនដែលមានបំណងចាប់អារម្មណ៍ចង់សៀវភៅដ៏ពិសិដ្ឋមួយសូមទាក់ទងទៅកាន់ក្រុមការងារផេកទំព័រហ្វេសប៊ុកឈ្មោះ Dr. Sam Soknoeun បណ្ឌិត សុខ នឿន (https://web.facebook.com/PropertyForSaleInPhnomPenh) ។

សូមជម្រាបថា អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុន SAM SN Group ជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា សមាជិកសភាពាិជ្ជកម្មកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផ្តល់ឲ្យ