កូនប្រធានាធិបតីឥណ្ឌូនេស៊ី បដិសេធការចោទប្រកាន់ពីទីភ្នាក់ងារប្រឆាំងអំពើពុករលួយ ដែលថាប្រើយន្តហោះឯកជន

នៅចំពោះមុខទីភ្នាក់ងារប្រឆាំងអំពើពុករលួយ (KPK) កាលពីថ្ងៃអង្គារម្សិលមិញ កូនប្រុសពៅប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo  គឺលោក Kaesang Pangarep បានបដិសេធការចោទប្រកាន់ពីបទប្រព្រឹត្តខុសក្នុងការប្រើប្រាស់យន្តហោះឯកជន និងបញ្ជាក់ថាយន្តហោះនោះជារបស់មិត្តភក្តិ។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយ។

ការកោះហៅរបស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ (KPK) បន្ទាប់ពីលោក Kaesang ពេលថ្មីៗនេះបានបង្ហាញជីវិតរស់នៅដ៏ប្រណិតនៅលើបណ្តាញសង្គមដោយភរិយារបស់លោក ហើយទទួលបានការរិះគន់ជាសាធារណៈនៅក្នុងប្រទេស។

តាមដានជាមួយយើង៖ Million Times

ការធ្វើដំណើរតាមយន្តហោះឯកជនរបស់ លោក Kaesang និងភរិយាទៅកាន់សហរដ្ឋអាមេរិកកាលពីខែមុន ក៏បានកើតឡើងបន្ទាប់ពីមានការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងសេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឱ្យរូបលោក ឈរឈ្មោះក្នុងការបោះឆ្នោតថ្នាក់តំបន់នាពេលខាងមុខ។ ទោះជាយ៉ាងណា សភាបានដកសេចក្តីព្រាងច្បាប់នេះចេញវិញ បន្ទាប់ពីមានការរិះគន់។

ប្រធានាធិបតី Joko Widodo កំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងពីការចោទប្រកាន់ថា លោកកំពុងបង្កើតរាជវង្សនយោបាយមុនពេលចាកចេញពីតំណែងនៅខែក្រោយ។ កូនប្រុសច្បងរបស់លោកគឺ លោក Gibran Rakabuming Raka ត្រូវបានជាប់ឆ្នោតជាអនុប្រធានក្រុងកាលពីខែកុម្ភៈ ហើយនឹងចូលកាន់តំណែងនៅខែតុលា។

ទីភ្នាក់ងារ KPK នឹងសម្រេចក្នុងសប្តាហ៍ក្រោយថាតើ លោក Kaesang បានរំលោភលើបទប្បញ្ញត្តិណាមួយឬអត់។ប្រសិនបើត្រូវបានគេរកឃើញថា បានទទួលអំណោយមិនស្របច្បាប់ លោកអាចនឹងត្រូវបង្ខំឱ្យសងថ្លៃដើមនៃការធ្វើដំណើរតាមយន្តហោះឯកជន។

បើតាមការឲ្យដឹតពីអ្នកនាំពាក្យរបស់លោក Kaesang បានបញ្ជាក់ថា ដំបូងឡើយគាត់មានគម្រោងធ្វើដំណើរតាមជើងហោះហើរពាណិជ្ជកម្មទេ ប៉ុន្តែបានប្តូរទៅជិះយន្តហោះឯកជនរបស់មិត្តភ័ក្តិវិញ ដែលកំពុងធ្វើដំណើរទៅកាន់គោលដៅដូចគ្នា៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters