កម្ពុជា និងសហភាពអ៊ឺរ៉ុប បានរួមគ្នារៀបចំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន លើកទី១ ដើម្បីឱ្យក្លាយជារបៀបវារៈទៀងទាត់ ថែទាំវិនិយោគិនពីសហភាពអ៊ឺរ៉ុបដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា កាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា កិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១នេះគឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដើម្បីប្រើប្រាស់កិច្ចសន្ទនានេះជារបៀបវារៈផ្លូវការរួមគ្នាពីគ្រប់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអ៊ឺរ៉ុប សម្រាប់ស្ដាប់និងដោះស្រាយរាល់បញ្ហាប្រឈមរបស់វិនិយោគិនអ៊ឺរ៉ុបដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងលើកកម្ពស់ទំនុកចិត្តជូនដល់បណ្ដាវិនិយោគិនអ៊ឺរ៉ុបផ្សេងទៀតដែលមានបំណងជ្រើសរើសកម្ពុជាទីតាំងវិនិយោគ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១នេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីស្ដាប់អំពីកង្វល់របស់វិនិយោគិនអ៊ឺរ៉ឺប តាមរយៈការប្រើប្រាស់របៀបវារៈផ្លូវការជាទៀងទាត់ ធានាដល់ការតាមដាន និងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនជាអាទិភាព។
លោកថា កម្ពុជាបានបើកចំហរទទួលការវិនិយោគពីគ្រប់បណ្ដាប្រទេសទាំងអស់នៅលើសកលលោក ហើយបច្ចុប្បន្នក្រៅអំពីការសម្របសម្រួលនិងថែទាំវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តខិតខំគោះទ្វារវិនិយោគិនមានសក្ដានុពលពីប្រទេសនានា មានជាអាទិ៍ សហភាពអ៊ឺរ៉ុបជាដើម។
លោកបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគ្រោងនឹងរៀបចំទស្សនកិច្ចគោះទ្វារវិនិយោគិននៅសហភាពអ៊ឺរ៉ុបជាលើកទី២ នាពេលឆាប់ៗខាងមុខនេះ ក្រោយពេលគណៈប្រតិភូកម្ពុជា ទទួលបានលទ្ធផលជោគជ័យក្នុងដំណើរទស្សនកិច្ចលើកទី១ កាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។
លោក អ៊ីហ្គ័រ ឌ្រីសមែន្ស (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា រំលេចឲ្យដឹងអំពីក្របខណ្ឌនៃការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១ បានក្លាយជាឱកាសថ្មីដែលនាំមកនូវជំនួបពិភាក្សាគ្នារវាងគ្រប់ភាគីពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា សម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហភាពអ៊ឺរ៉ុប ក្រោមកិច្ចសម្របសម្រួលពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីពិនិត្យលើបញ្ហាប្រឈមនានារបស់វិនិយោគិន។
បន្ថែមពីនេះ លោកបានគាំទ្រលើគំនិតផ្ដួចផ្ដើមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការត្រៀមរៀបចំដំណើរទស្សនកិច្ចលើកទី២ ទៅសហភាពអ៊ឺរ៉ុប។ លោកបញ្ជាក់ថា សហភាពអ៊ឺរ៉ុប នឹងបន្តផ្ដល់កិច្ចសហការនានាមកកម្ពុជា ដើម្បីជាចំណែកបង្កើនតម្លៃនៃការអភិវឌ្ឍសង្គមកម្ពុជាបន្ថែមទៀត៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ CDC