សំបុត្រប្រគំតន្រ្តីតារា​ស្រី​សេដ្ឋី​នី​ ឱក សុគន្ធកញ្ញា ថ្លៃ ស័ក្តិសមនឹងតម្លៃ ដោយសារហេតុផលទាំងនេះ

សំបុត្រប្រគំតន្រ្តីតារា​ស្រី​សេដ្ឋី​នី​ ឱក សុគន្ធកញ្ញា ថ្លៃ ស័ក្តិសមនឹងតម្លៃ ដោយសារហេតុផលទាំងនេះ

ការ​ប្រគំ​តន្រ្តី solo របស់​កំពូល​តារា​ចម្រៀង​ស្រី​ជួរ​មុខ​នៃ​កម្ពុជា ត្រូវ​គេ​លើក​ឡើង​ជាច្រើន​នាក់​ថា ​សំបុត្រ​ចូល​រួម​ទស្សនា​មាន​តម្លៃ​ថ្លៃ​រហូត​ដល់ ១០០ ដុល្លារ ចំពោះ​តំបន់ VIP។ ប៉ុន្តែ​សម្រាប់​អ្នក​គាំទ្រ ដែល​បាន​ទៅ​ទស្សនា​ផ្ទាល់​យល់​ឃើញ​ថា តម្លៃ​ខ្ពស់​បំផុត ១០០ ដុល្លារ​អាមេរិក​នោះ ស័ក្ដិសម​ជាមួយ​កិត្តិនាម​ស័ក្ដិសម​ជាមួយ​សមត្ថភាព និង​ការ​រៀបចំ​ដ៏​ថ្មី​សម្បូរ​បែប និង​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រទេស​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

គ្រាន់តែ​ឈុត​អាវ​ធំ​វែង ដែល​កំពូល​តារា​ស្រី​សេដ្ឋី​នី​ច្រៀង​ចំណាយ​ទាំង​ការ​រៀបចំ ចំណាយ​ទាំង​ថវិកា​ព្រម​ទាំង​កម្លាំង​កាយ​ចិត្ត​យ៉ាង​ច្រើន ដើម្បី​អាច​ចេញ​បាន​រូបរាង​អាវ​ដ៏​ប្រណីត​នោះ​ចេញ​មក​បាន។ អាវ​មួយ​នោះ​ដែរ​បាន​រំលេច​ចេញ​នូវ​ឈុត​សហសម័យ​អាវ​ធំ​វែង​មាន​រូបភាព​ជា​សមិទ្ធផល​សំណង់​ស្ថាបត្យកម្ម​ជាច្រើន​របស់​ខ្មែរ រួម​ទាំង​ក្បាច់​ផ្កា​ច័ន្ទ​នៅ​លើ​សម្លៀកបំពាក់​ថែម​ទៀតនោះ​គូរដោយដៃកូន​ខ្មែរសុទ្ធសាធ។

សម្រាប់ Solo Concert កំពូល​តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​មិន​ស្រកស្រុត​ជាង ២៥ ឆ្នាំ​នេះ បាន​ផ្លាស់ប្ដូរ​​សម្លៀកបំពាក់​ក្បែរ ១០ ឈុត ហើយ​ច្រៀង​តែ​ម្នាក់​ឯង​សុទ្ធ គ្មាន​តារា​កិត្តិយស​ណា​មក​ឡើង​អមជាមួយ​ឡើយ ពោល​គឺ​ចាយ​ពេល ៣ ម៉ោង​កន្លះ និង​ស្រែក​ច្រៀង​ជិត ៤០ បទ​ម្នាក់ឯង។

ឆាក​តន្តី «THE Q – RISE OF THE QUEEN» មិន​ធ្លាប់​មាន​ឡើយ ដោយ​ផ្ទាំង LED នៅ​ខាង​ក្រោយ ត្រូវ​ភ្ជាប់​ជាមួយ​កាមេរ៉ា Live ដែល​អាច​ឲ្យ​អ្នក​គាំទ្រ​មើល​ឃើញ​សកម្មភាព​កាន់តែ​ច្បាស់​ពេល​កំពុង​សម្ដែង និង​មាន​អក្សរ​រត់​នៅ​លើ LED គ្រប់​បទ​ច្រៀង ដែល​ធ្វើឲ្យ​អ្នក​គាំទ្រ​ច្រៀង​តាម រាំ​លេង​តាម​សប្បាយ​មួយ​អស់​ដៃ​ក្នុង​ព្រឹត្តិការណ៍​កម្រ​មួយ​នោះ។

មិន​ទាន់​អស់​ត្រឹម​នេះ​ឡើយ សម្រាប់​អ្នក​ដែល​ចំណាយ​ប្រាក់​ក្នុង​កៅអី Zone Premium ឡើង​ទៅ​ក៏​ទទួល​បាន នឹង​ទទួល​បាន Merchandise រួម​មាន​អាវ​យឺត រូប​ថត​កាត Light Stick និង​របស់របរ​អនុស្សាវរីយ៍​ជាច្រើន​ទៀត។ បើ​ទោះ​ជា​សំបុត្រ​ខ្ពស់​បំផុត​មាន​ទៅ​ដល់ ១០០ ដុល្លារ តែ​កម្រិត​ប្អូនស្រី​ថៅកែ​ហង្សមាស ដែល​គេ​ចាត់​ទុក​ជា​សេដ្ឋី​ម្នាក់​ក្នុង​វិស័យ​សិល្បៈ​រូប​នេះ អាច​ទទួល​អ្នក​គាំទ្រ​តែ ​ប៉ុន្មាន​ពាន់​នាក់​ប៉ុណ្ណោះ។

មិន​បាច់​និយាយ​ដល់​សមត្ថភាព​ឡើយ​តារា​ស្រី​លំដាប់​អភិជន តែ​ចូល​ចិត្ត​ដាក់​ខ្លួន​ចំពោះ​មនុស្ស​រាល់​គ្នា​រូប​នេះ អាច​ច្រៀង​បាន​គ្រប់​ទម្រង់ ស្លូ មនោសញ្ចេតនា Rock ញាក់ ដោយ​មិនចាំ​បាច់​ចាក់​ឌីស អម​ជាមួយ​ក្បាច់​រាំ​ដ៏​រស់​រវើក ទោះ​ស្ថិត​នៅ​វ័យ​ក្បែរ ៤០ ឆ្នាំ​ក៏​ពិត​មែន តែ​ថាមពល​នាង​មិន​បាន​ថមថយ​បន្តិច​សោះ​ឡើយ។

ម្យ៉ាង​នៅ​ពេល​សំបុត្រ​គ្រប់​ប្រភេទ​ត្រូវ​បាន​ដាក់​លក់ គឺ​ប្រើ​ពេល​មិន​ដល់​១​ម៉ោង​ផង មាន​អ្នក​កក់​ពេញ​អស់​គ្រប់​កន្លែង ដែល​នោះ​អាច​ស​បញ្ជាក់​បាន​ច្បាស់​ៗ​ហើយ​ថា កញ្ញា ជា​តារា​ដែល​មាន​ឥទ្ធិពល​កម្រិត​ណា​ក្នុង​ស្រទាប់​ដួង​ចិត្ត​មហាជន​ដែល​មាន​អាយុ​ចន្លោះ​ចាប់ពី ១៨ ដល់ ៤០ ឆ្នាំ។ ត្រូវ​ចាំ​ថា មិនមែន​តែ​មហាជន​ឡើយ​ដែល​ជា​អ្នក​គាំទ្រ សូម្បី​តារា​ដូច​គ្នា​ក៏​ពុះពារ​រក​សំបុត្រ​ដោយ​ខ្លួន​ឯង​ដែរ។

ទោះ​ជា​តម្លៃ​សំបុត្រ​ខ្ពស់​ដល់ ១០០ ដុល្លារ​ក៏​ពិត​មែន នៅ​តែ​មាន​អ្នក​គាំទ្រ​លើក​ឡើង​ថា លំដាប់ ឱក សុគន្ធកញ្ញា ថ្លៃ​សំបុត្រ​ប្រគំ​តន្ត្រី​ក្នុង​សាល​បែប​នេះ សម​តែ​ខ្ទង់​ពាន់​ដុល្លារ​ឯណោះ។ ព្រោះ​ទេពកោសល្យ ទាំង​សមត្ថភាព​ដែល​បាន​ដុះ​ខាត​ចេញ​មក​ពី​ថ្នាល​បណ្ដុះបណ្ដាល​យ៉ាង​ត្រឹមត្រូវ​គឺ​សាលា​វិចិត្រ​សិល្បៈ និង​បទពិសោធន៍​ជាង​២០ ឆ្នាំ គ្មាន​អ្វី​អាច​កាត់​ថ្លៃ​បាន​ទេ៕

រូបភាព៖ One Memory