ស៊ុយអែត សម្រេចបិទការិយាល័យនៅភ្នំពេញ បន្ទាប់ពីសម្រេចបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយកម្ពុជា

ការិយាល័យតំណាងស្ថាន​ទូតស៊ុយអែតប្រចាំទីក្រុងភ្នំពេញ នឹងត្រូវបិទទ្វារពី​ថ្ងៃ​​ទី៣០ ខែកញ្ញានេះតទៅ ដោយស្ថានទូតបញ្ជាក់ថា ​រដ្ឋាភិបាលប្រទេសនេះ បានសម្រេច​បញ្ចប់កិច្ចសហ​ប្រតិបត្តិការ​​អភិវឌ្ឍន៍ទ្វេ​ភាគី ជាមួយ​កម្ពុជា។

លើទំព័រ​ហ្វេសប៊ុក​របស់ស្ថានទូតស៊ុយអែត ប្រ​កាសនៅថ្ងៃទី១៦ ខែកញ្ញា បានបញ្ជាក់ថា ការិយាល័យប្រចាំទីក្រុងភ្នំពេញ នឹងត្រូវបិទជាផ្លូវការ ដោយស្ថានទូតស៊ុយអែតប្រចាំទី​ក្រុងបាងកក នឹង​បន្តតំណាងឱ្យ​ប្រទេសស៊ុយអែតនៅកម្ពុជា។

ស្ថានទូតដដែលបញ្ជាក់បន្ថែមថា ចាប់តាំងពីថ្ងៃទី១៦ ខែសីហា ការគ្រប់គ្រងការគាំទ្រដល់ប្រទេសកម្ពុជា យោងទៅតាមយុទ្ធសាស្រ្តតំបន់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍ស៊ុយអែត ក្នុងទីក្រុង Stockholm។ ទន្ទឹមនឹងនោះ ស្ថានកុងស៊ុលស៊ុយអែតប្រចាំទីក្រុងភ្នំពេញនឹងបន្តបើក និងផ្តល់សេវាការទូតមូលដ្ឋានសម្រាប់ពលរដ្ឋស៊ុយអែតនៅកម្ពុជាដដែល។

បន្ថែមទៀតនោះ ស្ថានទូតក៏មិនភ្លេចបញ្ជាក់ថា ការបិទការិយាល័យតំណាងនេះ ក៏មានន័យស្ថានទូតនឹងបិទទំព័រ Facebook របស់ខ្លួនផងដែរនៅក្រុងភ្នំពេញ ដោយបានស្នើបន្តតាមដានស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់ស៊ុយអែត នៅលើទំព័រ x @SwedeninAP ។

គួររំលឹកថា ស្ថានទូតស៊ុយអ៊ែតនៅភ្នំពេញ កន្លងទៅក៏ធ្លាប់បានបញ្ជាក់ម្តងហើយថា ខ្លួននឹងបិទទ្វារការិយានៅភ្នំពេញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែទំនាក់ទំនងការទូតរវាងស៊ុយអែតនិងកម្ពុជានឹងនៅតែបន្តដដែល។

រដ្ឋាភិបាលស៊ុយអែត ធ្លាប់បានអះអាងថា ការបិទស្ថានទូត និងបញ្ចប់សហប្រតិបត្តិការទ្វេភាគីនេះ គឺជាផ្នែកមួយនៃការសម្របខ្លួនទៅតាមស្ថានភាពជាក់​ស្តែង​នៃអង្គការចាត់តាំង​របស់ខ្លួននៅឯបរទេស ហើយថានេះគឺជាដំណើរការផ្លាស់ប្តូរដោយ​ទៀងទាត់មួយដែលប្រទេសស៊ុយអែត ពេលខ្លះបើក ឬបិទស្ថានទូត និងស្ថានកុងស៊ុលរបស់ខ្លួន ស្របតាមតម្រូវការជាក់​ស្តែង៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម