ដៃគូយល់ចិត្ត CR7 កាលនៅ Man United Patrice Evra ញញឹម សប្បាយ​ចិត្ត​ពេល​មក​ដល់​កម្ពុជា ​អ្នក​គាំទ្រ​ស្វាគមន៍​ខ្លាំង​

ដៃគូយល់ចិត្ត CR7 កាលនៅ Man United Patrice Evra ញញឹម សប្បាយ​ចិត្ត​ពេល​មក​ដល់​កម្ពុជា ​អ្នក​គាំទ្រ​ស្វាគមន៍​ខ្លាំង​

Patrice Evra បាន​មក​ដល់​កម្ពុជា​កាល​ពី​យប់មិញ​នេះ ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍ Gumball 3000 ​ដែល​ធ្វើ​ដំណើរ​ពី​ប្រទេស​វៀតណាម​មក​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ទី ១៥ ម្សិលមិញ ហើយ​ថ្ងៃ ១៦ ខែ​កញ្ញា​នេះ​បន្ត​ទៅ​ខេត្ត​សៀមរាប​ទៀត។

តាមដានជាមួយយើង៖ Million Times

ព្រឹត្តិការណ៍​ The Gumball 3000 Rally ​បាន​រៀប​ចំ​កម្មវិធី​អបអរ​ខួប​លើក​ទី​២៥ របស់​ខ្លួន​ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ជា​ច្រើន​នៅ​អាស៊ាន​នេះ​រួម​ទាំង​កម្ពុជា រួម​ទាំង​មាន​ការ​តាំង​បង្ហាញ​រថយន្ត Supercars របស់​ប្រតិភូ Gumball 3000 ទាំងអស់ ដើម្បី​បំបែក​ឯកទគ្គពិភពលោក (Guinness World Record) នៅ​បរិវេណ​ខាង​មុខ​ប្រាសាទ​អង្គរវត្ត។

ដោយ​ឡែក​កាល​ពី​ម្សិលមិញ ​ពួកគេ​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​ហើយ ​អម​ជាមួយ​តារា​ល្បី​ៗ​ជា​ច្រើន​ដូចជា IshowSpeed និង Patrice Evra ​វីរបុរស​ក្លិប​បិសាច​ក្រហម Manchester United ​និង​ជម្រើស​ជាតិ​បារាំង​ជា​ដើម។ ការ​មក​ដល់​របស់ Evra និង IshowSpeed ​ត្រូវ​បាន​អ្នក​គាំទ្រ​នៅ​កម្ពុជា​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​តាំង​ពី​នៅ​ព្រំដែន រហូត​ដល់​ក្រុង​ភ្នំពេញ។

Evra ដែល​ជា​មិត្ត​រួម​ក្រុម​របស់ Cristiano Ronaldo ​កាល​លេង​នៅ​ក្លិប​បិសាច​ក្រហម Manchester United ​នេះ ​បាន​សរសើរ និង​ញញឹម​បិទ​មាត់​មិន​ជិត​ទេ​ពេល​ឃើញ​ប្រជាជន​កម្ពុជា​គាំទ្រ​លោក ព្រម​ទាំង​ស្រែក​ហៅ​ឈ្មោះ​ Evra ខ្ទរខ្ទារ ហើយ​ឈរ​ចាំសុំ​ថត​រូបជាមួយ​ច្រើនកកកុញ​បែប​នេះ។

ស្រប​ពេល​ថ្ងៃ​នេះ​កីឡាករ​អតីត​ខ្សែ​ការពារ​ឆ្វេង​រូប​នេះ នឹង​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ជួប​ជុំ​អ្នក​គាំទ្រ​នៅ​ក្រុង​សៀមរាប​ផង​ដែរ។ នៅ​លើ Instagram តារា​បាល់ទាត់​ឆ្នើម​រូប​នេះ ក៏​បាន​បង្ហោះ​រូបភាព​ដែល​អ្នក​គាំទ្រ​រង់ចាំ​ថត​រូប​ជាមួយ​ដូចគ្នា​ដែរ។ Evra បាន​បើក​ឡាន 2024 Rolls-Royce Cullinan ពណ៌​បៃតង​តម្លៃ​ក្បែរ​លាន​ដុល្លារ។

Gumball 3000 ​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ជា​ច្រើន​ទៀត​នៅ​សៀមរាប ​រួម​ទាំង Gala Dinner ជុំ​គ្នា​ភ្លក់​ម្ហូប​ខ្មែរ ​និង​កម្មវិធី​សប្បុរសធម៌​មួយ​ផង​ដែរ​នៅ​ទឹក​ដី​អង្គរ​នេះ​ដើម្បី​ប្រមូល​ប្រាក់​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ។ លើស​ពី​នេះ​ទៅ​ទៀត Gumball 3000 ​នឹង​បង្កើត​កំណត់ត្រា Guinness Book Records ​មួយ​ដែល​ក្លាយ​ជា​កម្មវិធី​ពិពណ៌​ឡាន​ធំ​បំផុត​លើ​លោក​នៅ​មុខ​អង្គរវត្ត​ផង​ដែរ៕