សេដ្ឋីនីអនឡាញកំពូលៗ បង្ហាញវត្តមាននៅកម្មវិធី Gumball 3000

សេដ្ឋីនីអនឡាញកំពូលៗ បង្ហាញវត្តមាននៅកម្មវិធី Gumball 3000

GUMBALL 3000 គឺជាព្រឹត្តិការណ៍អន្តរជាតិមួយ ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​រថយន្ត Supercar Hypercar និង​កំពូល​រថយន្ត​ប្រណីត​ៗ​ពី​សំណាក់​បុគ្គល​មាន​ឥទ្ធិពល ធុរជន កីឡាករ ព្រម​ទាំង​កំពូល​តារា​លំដាប់​ពិភពលោក ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ទ្វីប​មួយ​ទៅ​ទ្វីប​មួយ​ជុំវិញ​ពិភពលោក សរុប​រយ:ចម្ងាយ​ប្រមាណ ៣០០០ ម៉ាយ៍។

តាមដានជាមួយយើង៖ Million Times

ពេលនេះ​បាន​មក​ដល់​កម្ពុជា​កាលពី​ម្សិលមិញ​ហើយ ដោយ​មាន​ការ​ស្វាគមន៍​ពី​សំណាក់​អ្នក​រៀបចំ​កម្មវិធី ព្រម​ទាំង​បុគ្គល​ល្បី​ៗ​នៅ​ខ្មែរ​ជាច្រើន។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​អ្នក​ជំនួញ​អនឡាញ​វាល់​លាន​មួយ​ចំនួន បាន​យក​រថយន្ត​ស៊េរី​ទំនើប​ៗ​ទៅ​ចត​ចាំ ដើម្បី​ទទួល​ក្បួន​រថយន្ត Supercar និងHypercar នៅ​ម្ដុំ​វិមានឯករាជ្យ និង​ម្ដុំ​សួនវត្តបុទុមវត្តី។

នៅ​ព្រឹក​នេះ​ដែរ​ក្បួន​រថយន្ត កម្មវិធី Gumball 3000 បាន​កំពុង​ចេញ​ដំណើរ​ទៅ​ខេត្ត​សៀមរាប​ហើយ ដោយ​មាន​សេដ្ឋីនី​អនឡាញ​ដូចជា ស្រីណៃ, អ្នកនាង និមល Filex , អ្នកនាង តែ ស៊ូអេង, ឡុង ម៉ានីន, ផន សុផារី និងស្វាមី ព្រម​ទាំង​បុគ្គល​ល្បី​ៗ​ជាច្រើន​ទៀត ក៏​កំពុង​ត្រៀបត្រា​ទៅ​កន្លែង​កម្មវិធី​ធំ​នៅ​អង្គរ​វត្ត​ត​ទៅ​ទៀត​ដែរ។

មិន​ត្រឹម​តែ​អ្នក​ជំនួញ​អនឡាញ​ប៉ុណ្ណោះ​ទេ កូនចៅ​ក្រុម​គ្រួសារ​មហាសេដ្ឋី ជីប ម៉ុង និង​អ្នក​ជំនាញលំដាប់​ជួរ​មុខ​នៅ​កម្ពុជា​ដទៃ​ទៀត ក៏​មាន​វត្តមាន​ចូលរួម​កម្មវិធី​នោះ​ដែរ។ កាន់តែពិសេស​ គឺ​តារា​កម្ពុជា​ល្បី​ៗ​ដែល​ជា​លំដាប់​អ្នក​មាន​ហាយសូ​ក្នុង​សង្គម ក៏យក Supercar ទៅ​ចត​ចាំ​រង់ចាំ​ក្រុម​ក្បួន ​​Gumball 3000 ដូច​គ្នា​ដែរ។

សម្រាប់​ក្រុម​សេដ្ឋី​អនឡាញ​ទាំង​នោះ សកម្ម​ខ្លាំង និង​ស្វះស្វែង​យក​រថយន្ត​ទៅ​ចូលរួម​ក្នុង​កម្មវិធី Gumball 3000 ព្រោះ​ជា​ឱកាស​កម្រ​មាន ក៏​ដូចជា​ចូលរួម​ចំណែក​ក្នុង​ការ​ទាក់ទាញ​ទេសចរ​ពី​បរទេស តាម​រយៈ​ព្រឹត្តិការណ៍​លំដាប់​កំពូល​មួយ​នេះ។

ព្រឹត្តិការណ៍ Gumball 3000 រៀបចំ​ឡើង​នៅ​ព្រះរាជា​ណាចក្រកម្ពុជា ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ ដល់ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ ២០២៤។ រថយន្ត​ទំនើប​ៗ​ធ្វើ​ដំណើរ​ជា​ក្បួន​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត កាលពី​ថ្ងៃ ១៥ ខែ​កញ្ញា ដោយ​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ១ យប់ និង​ថ្ងៃ ១៦ ខែ​កញ្ញា​នេះ ចេញ​ដំណើរ និង​ស្នាក់នៅ​ខេត្ត​សៀមរាប ១ យប់ រួច​ត្រឡប់​ទៅ​វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នា​ថ្ងៃ ១៧ ខែ​កញ្ញា​ស្អែក​នេះ។

ព្រឹត្តិការណ៍ Gumball 3000 រៀបចំ​ដោយ​ក្រុមហ៊ុន ជីប ម៉ុង សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ និង​ស្ថាបនិក Gumball 3000 គឺ​លោក Maximillion Cooper៕