ភរិយាអ្នកឧកញ៉ា ទ្រី ភាព ត្បិតស្វាមីមហាសេដ្ឋី តែការតុបតែងខ្លួនសាមញ្ញ និងមិនសូវបង្ហាញលើបណ្ដាញសង្គម

ភរិយា​អ្នក​ឧកញ៉ា ទ្រី ភាព គឺ​អ្នកឧកញ៉ា គៀន ស្រីនាង ដ៏​ស្រស់​ផូរផង់ ជា​ស្រ្តី​រស់នៅ​ក្នុង​ភាព​ថ្កើងថ្កាន លើ​គំនរ​ទ្រព្យ​សម្បត្តិ។ បើ​ក្រឡេក​ទៅ​មើល​លើ​បណ្ដាញ​សង្គម​របស់​សេដ្ឋី​នី​រូប​នេះ​វិញ​មិន​សូវ​បង្ហាញ​អ្វី​ច្រើន​ឡើយ ក្រៅពី​ការងារ​សប្បុរសធម៌ និង​ការងារ​សង្គម។

តាមដានជាមួយយើង៖ Million Times

ស្រ្តី​អភិជន គៀន ស្រីនាង និងជា​ភរិយា​អ្នក​ឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន ទ្រីភាព គ្រុប ដែល​​ធ្លាប់​មាន​ភាព​ល្បីល្បាញ​ខាង​ជំនួញ​នាំ​ឈើ​ទៅ​ក្រៅ​ប្រទេស និង​ជា​អ្នក​រកស៊ី​ចាក់​គ្រឹះ​ក្នុង​វិស័យ​កសិកម្ម កំពង់ផែ ទេសចរណ៍ និង​កាស៊ីណូ​ជាដើម។

មួយ​រយៈ​ចុងក្រោយ​នេះ​អ្នក​ឧកញ៉ា គៀន ស្រីនាង ក៏​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​របស់​សមាគម​សិល្បករ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​សេដ្ឋី​ដូចគ្នា​ដែរ​នោះ គឺ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន។ ពេល​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​បែប​ផ្លូវការ​ជាមួយ​អ្នក​មាន​ឋានៈ​មុខ​មាត់​ដូច​គ្នា ការ​រៀបចំ​របស់​សេដ្ឋី​នី​រូប​នេះ ពិតជា​គ្មាន​កន្លែង​ឲ្យ​ទាស់​ទាំង​សម្លៀកបំពាក់ និង​ម៉ូដ​សក់។

ទោះ​ជា​មើល​ទៅ​សាមញ្ញ តែ​សម្លៀកបំពាក់​នីមួយ​ៗ​សុទ្ធ​តែ​ជា​ប្រេន និង​ប្រភេទ​សាច់​កំណាត់​ល្អ​បំផុត។ ជា​ស្ត្រី​មិន​សូវ​បាន​មាត់​បាន​ក​ច្រើន​ប៉ុន្មាន​ឡើយ តែ​អ្នក​ឧកញ៉ា គៀន ស្រីនាង ទទួល​បាន​ការ​គោរព​ស្រលាញ់​ច្រើន​ពី​មនុស្ស​ជុំវិញ​ខ្លួន។

ក្រឡេក​ទៅ​មើល​រូប​សម្រស់​ភរិយា​មហាសេដ្ឋី​លំដាប់​ជួរ​មុខ​នៅ​ស្រុកខ្មែរ​រូបនេះ​វិញ ឃើញ​ថា​ស្អាត បែប​ស្រគត់ស្រគំ និង​មាន​វ័យ​ក្មេង​ថែម​ទៀត។ អ្វីដែល​កាន់តែ​ធ្វើឲ្យ​មហាជន​គាំទ្រ​លួច​សរសើរ អ្នក​ឧកញ៉ា​រូប​ស្រស់ ស្រីនាង គឺ​ការ​ទទួល​បាន​ការ​ស្រលាញ់ គោរព និង​ឲ្យ​តម្លៃ​ពី​ស្វាមី និង​នាំ​ទៅ​គ្រប់​កម្មវិធី​ផ្លូវការ​ដែល​អ្នកឧកញ៉ា ទ្រី ភាព ចូលរួម។

កាលពី​ឆ្នាំ ២០២៣ កន្លង​ទៅភរិយា​មហសេដ្ឋី ទ្រីភាព គឺ​សេដ្ឋីនី គៀន ស្រីនាង ត្រូវបានព្រះមហាក្សត្រ ព្រះនរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ ឡាយព្រះហត្ថលេខា ត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាក្រសួងកិច្ចការនារី មានឋានៈស្មើអនុរដ្ឋលេខាធិការ៕