ក្រសួងការបរទេសអះអាងថា អយុត្តិធម៌ដែលអាមេរិកបង្កកទ្រព្យសម្បត្តិមហាសេដ្ឋី លី យ៉ុងផាត់

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តែងការសោកស្ដាយចំពោះការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនា​គារ​សហរដ្ឋ​អាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ សំដៅលើធុរជនកម្ពុជាលោកអ្នកឧញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន LY.P. Group Co., Ltd ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន ៤ទៀត។

សេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងការបរទេស បានបញ្ជាក់ថា វិធានការដែលត្រូវធ្វើឡើងដោយផ្អែកលើរបាយការណ៍ដែលមិនមានមូលដ្ឋានច្បាស់លាស់ស្តីពីពលកម្មដោយបង្ខំក្នុងសកម្មភាពឆបោកតាមអនឡាញនេះ មានចេតនានយោបាយ និងផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលត្រូវបានបញ្ជាក់យ៉ាងដោយលោក ឡយ ជេ សូស្ទីន រដ្ឋមន្រ្តីការពារជាតិអាមេរិក ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនាកន្លងទៅ។

ក្រសួងការបរទេស អះអាងថា តួនាទីរបស់លោក លី យ៉ុងផាត់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ តាមរយៈក្រុមហ៊ុន LYP Group ការចូលរួមចំណែករបស់លោកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ បានផ្តល់ផលជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើនពាន់នាក់។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មឯកតោភាគីនេះជាការមិនគោរពច្បាប់អន្តរជាតិ និងបទដ្ឋានគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ជាពិសេសគោលការណ៍សមភាពអធិបតេយ្យ និងការមិនជ្រៀតជ្រែកគ្នាទៅវិញទៅមក។

បើតាមក្រសួងការបរទេសកម្ពុជា ការពឹងផ្អែករបស់រដ្ឋាភិបាលអមេរិកទៅលើរបាយការណ៍ការជួញដូរមនុស្សយកធ្វើជាមូលដ្ឋាននៃសកម្មភាពទាំងនោះពិតជាគួរឲ្យសោកស្តាយ និងនាំឲ្យមានការយល់ខុស។ របាយការណ៍នេះមិនបានផ្តល់នូវរូបភាពដែលមានតុល្យភាព និងសុក្រឹត្យអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាលើការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងពលកម្មដោយបង្ខំ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម