សម្តេច ហ៊ុន សែន ប្រាប់ឲ្យមេធំធនាគារ KB Financial ពិនិត្យមើលពេលមានអតិថិជនស្នើសុំកម្ចី តើគេខ្ចីប្រាក់យកទៅធ្វើអ្វី

អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េថ្មីៗនេះ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យលោក Yang Jong Hee ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន​ KB Financial Group ដែលមានបុត្តសម្ព័ន្ធនៅប្រទេសកម្ពុជា គឺធនាគារ KB ប្រាសាក់ ចូលជួបពិភាក្សាងារ។

ក្នុងជំនួបនោះ សម្ដេចប្រធានព្រឹទ្ធសភា ក៏បានផ្ដល់អនុសាសន៍ទៅដល់ប្រធានក្រុមហ៊ុន KB Financial ថា នៅថ្ងៃខាងមុខ ពេលមានអតិថិជនស្នើសុំកម្ចី សូមពិនិត្យមើលថាតើគេខ្ចីប្រាក់យកទៅធ្វើអ្វី។ សម្ដេចបានណែនាំឱ្យមានការសិក្សាស្រាវជ្រាវទៅលើការខ្ចីប្រាក់ទាំងនោះ ហើយឃើញថា ភាគច្រើននៃកម្ចី គឺសម្រាប់ធ្វើអាជីវកម្ម ដែលត្រូវនឹងគោលដៅ ក៏ប៉ុន្តែក៏មានកម្ចីមួយចំនួនតូចដែលមិនចំគោលដៅ ដោយសារជាកម្ចី​មិនបានបម្រើដល់ផលិតកម្មទេ។

តាមដានជាមួយយើង៖ Million Times

លោក Yang Jong Hee បានទទួលយោបល់របស់សម្ដេច នឹងគូសបញ្ជាក់ថា លោកនឹងយកទៅអនុវត្តដើម្បីឱ្យប្រជាជនកម្ពុជាឈ្នះ និងអាជីវកម្មរបស់ក្រុមហ៊ុនរបស់លោកឈ្នះដែរ។ លោកបានបញ្ជាក់ទៀតថា នៅក្នុងធនាគាររបស់លោក កម្ចីភាគច្រើនជាកម្ចីដែលត្រូវគោលដៅ ហើយកម្ចីដែលខុសគោលដៅគឺមានតិចតួច។

សម្ដេចបញ្ជាក់ថា សម្ដេចមិនចង់ឱ្យមានកម្ចីខុសគោលដៅនោះទេ។ ទន្ទឹមនឹងនេះ សម្ដេចបានបញ្ជាក់បន្ថែមទៀតថា ធនាគារ KB ប្រាសាក់ មានឈ្មោះល្បី និងបានផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងខ្លាំង ក្នុងនោះ មានសមត្ថភាព ទ្រព្យសកកម្ម និងប្រាក់កម្ចីខ្ពស់ ដូច្នេះ ប្រទេសតូច ដូចកម្ពុជា ហើយមានធនាគារដូច KB ប្រាសាក់ បញ្ជាក់ថា ប្រទេសកម្ពុជាមានកម្លាំងស្រូបខ្លាំង។

សម្ដេចប្រធានព្រឹទ្ធសភាបានរំលឹកថា ក្រោយវិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលពេលនោះ បានធ្វើកំណែទម្រង់ប្រព័ន្ធធនាគារ ហើយកំណែទម្រង់ទាំងនោះ ធ្វើបានល្អ និងដោយរលូន ពីព្រោះ រហូតមកដល់ពេលនេះ គ្មានធនាគារណាមួយដួលរលំទេ៕

អត្ថបទ៖ ផល កុលស រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ