ឆាប់ៗ វិនិយោគិនកូរ៉េ-ចិន ប្រែក្លាយតំបន់នៅជាយភ្នំពេញទៅជាទីក្រុងឆ្លាតវៃលើផ្ទៃដី ៣០០ហិចតា

ក្រុមវិនិយោគិនកូរ៉េ និងចិន ជួបពិភាក្សាការងារជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីគម្រោង Cambodia Free Economic Zone (CFEZ) ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខ។

យោងតាមខ្លឹមសារជំនួបរវាងវិនិយោគិនកូរ៉េ-ចិន និងគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី១១ ខែកញ្ញានេះ ក្រុមហ៊ុនទាំងនោះបានបង្ហាញអំពីផែនការមេនៃគម្រោងអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតសំខាន់លើមុខសញ្ញាវិនិយោគស្នូលដែលគ្រោងនឹងលេចវត្តមាននៅក្នុង CFEZ។ ជារួម គម្រោងវិនិយោគមួយនេះមានបំណងប្រែក្លាយតំបន់នៅជាយរាជធានីភ្នំពេញទៅជាទីក្រុងឆ្លាតវៃដោយប្រមូលផ្តុំនូវសកម្មភាពវិនិយោគលើវិស័យឧស្សាហកម្ម ឌីជីថល អប់រំ និងនគរូបនីយកម្ម។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបនោះ គណៈកម្មាធិការវិនិយោគកម្ពុជា បានធ្វើកំណត់សម្គាល់អំពីផែនការធុរកិច្ចរបស់ក្រុមហ៊ុនដែលមានបំណងបណ្តាក់ទុនវិនិយោគក្នុងការកសាងនូវចង្កោមទីក្រុងឆ្លាតវៃ ដោយទាក់ទាញនូវគម្រោងវិនិយោគវិនិយោគពហុវិស័យលើផ្ទៃដីប្រមាណ៣០០ហិកតា នៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តឱ្យសមភាគីក្រុមហ៊ុនសហការឱ្យបានស្អិតល្មួតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅធានាបាននូវអនុលោមភាពគតិយុត្តក្នុងដំណើរការអនុវត្តគម្រោងរបស់ខ្លួន ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងបើកចំហទ្វាររីករាយស្វាគមន៍យ៉ាងកក់ក្តៅនូវរាល់គម្រោងវិនិយោគនានាដែលនឹងមានវត្តមាននៅក្នុងតំបន់ CFEZ នាពេលអនាគត៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ CDC